(ភ្នំពេញ)៖ កាលពី៣០ឆ្នាំមុន តាមការស្នើ និងស្រុះស្រួលគ្នារបស់ក្រុមគ្រួសារម្ចាស់ផ្ទះ អ្នកស្រុកអ្នកភូមិបានខ្នះខ្នែងជួយបង្កើតកូនម្នាក់ឱ្យម្ចាស់ផ្ទះ ដែលបច្ចុប្បន្នកូនអាយុ៣០ឆ្នាំម្នាក់នេះបាន និងកំពុងទទួលនូវការចិញ្ចឹមបីបាច់យ៉ាងល្អប្រសើររបស់ម្ចាស់ផ្ទះដែលជាឪពុកម្តាយ។ កូនដែលមានសុខភាពដ៏ល្អ និងមានរាងកាយមាំមួនម្នាក់នេះ មិនត្រូវការឆ្មប ឬអ្នកស្រុកអ្នកភូមិ មកជួយបង្កើត ឬវះកាត់ឡើងវិញនោះទេ។

ថ្ងៃទី២៣ តុលា ២០២១ ជាទិវាគម្រប់ខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ជាលក្ខណៈសត្យានុម័ត ថ្ងៃ២៣តុលា ជាប្អូនបង្កើតនៃថ្ងៃ៧មករា ជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជារបស់តេជោសែន បានដឹកនាំរំដោះប្រជាជនកម្ពុជា ឱ្យរួចចាកផុតពីការសម្លាប់រង្គាល និងធ្វើទុក្ខបុកម្នេញ នៃរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ របស់ខ្មែរក្រហម។ បើមិនមានថ្ងៃ៧មករា ជាបង ក៏មិនអាចមានថ្ងៃ២៣តុលា ជាប្អូនបានដែរ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាកិច្ចព្រមព្រៀងស្តីពី “សន្តិភាព” នៅកម្ពុជា។ ការឈានដល់ចុះកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃទី២៣តុលា ផ្សាភ្ជាប់ទៅនឹងគតិបណ្ឌិត និងកិច្ចប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ របស់វីរស្ថាបនិកសន្តិភាព គឺសម្តេចព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ការចរចាជាច្រើន ជំនួបពិភាក្សាជាច្រើនលើក មុននឹងឈានដល់ការចុះកិច្ចព្រមព្រៀងនេះ កើតឡើងបានក៏ដោយសារតែវីរជនឆ្នើមទាំងពីរអង្គ/រូបនេះ តម្កល់នូវប្រយោជន៍ជាតិ សន្តិភាព និងការបង្រួបបង្រួមជាតិជាធំលើសអ្វីទាំងអស់។

ក្រោយពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្តេចព្រះមហាវីរក្សត្របានយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅថ្ងៃទី១៤ វិច្ឆិកា ១៩៩១ ប្រកបដោយបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតពីសំណាក់មន្ត្រីរដ្ឋាភិបាលនៃរដ្ឋកម្ពុជា ដោយមានប្រជាជនច្រើនកុះករ ឈរតម្រៀបគ្នានៅសងខាងដងផ្លូវ ធ្វើគារវកិច្ចស្វាគមន៍វត្តមានសមមិត្ត ហ៊ុន សែន និងសម្តេច នរោត្តម សីហនុ ដែលគង់និងជិះទន្ទឹមគ្នាលើរថយន្តតែមួយ លើកព្រះហស្ថនិងដៃបក់ទៅកាន់ប្រជាជន ដែលសម្តែងនូវមនោសញ្ចេតនារំភើបរីករាយជាអតិបរមា ដោយបានឃើញពន្លឺសន្តិភាពឡើងវិញ ក្រោយពីសង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក។ រូបភាពនៃសច្ចភាពប្រវត្តិសាស្ត្រនេះ ត្រូវបានធនាគារជាតិនៃកម្ពុជា ផ្តិតចារនៅលើក្រដាសប្រាក់បីម៉ឺនរៀល ដែលបានចេញផ្សាយនៅថ្ងៃទី១៨ តុលា ២០២១ ថ្មីៗនេះ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីសជាចំណុចចាប់ផ្តើមនៃដំណើរការផ្សះផ្សាជាតិ និងកសាងសន្តិភាពឡើងវិញ ក៏ប៉ុន្តែពុំទាន់ផ្តល់សន្តិភាពពេញលេញឱ្យកម្ពុជានៅឡើយ។ តេជោសែននៃកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលរំលត់ភ្លើងសង្គ្រាមបានទាំងស្រុងនៅរយៈពេលកន្លះទសវត្សរ៍ក្រោយមកទៀត ហើយបាននាំមកជូនដល់ជាតិ និងប្រជាជននូវសេចក្តីសុខសន្តិភាព ការបង្រួបបង្រួមជាតិពេញលេញ និងវឌ្ឍនភាពគ្រប់វិស័យ នាពេលបច្ចុប្បន្ន។

គួររំឭកថា នៅថ្ងៃទី២៤ កញ្ញា ១៩៩៣ សភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រម្ពុជា ជាច្បាប់កំពូលរបស់ជាតិ ដាក់បញ្ចូលនូវស្មារតី និងខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាព២៣តុលា ទៅក្នុងរដ្ឋធម្មនុញ្ញ ដែលមានជាអាទិ៍ ការប្រកាន់របបរាជានិយមអាស្រ័យធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងការបោះឆ្នោតបែបសភានិយម យកមកអនុវត្តនៅក្នុងមាតុភូមិកម្ពុជា។ ការប៉ុនប៉ងណាមួយ ក្នុងការសើរើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាសុបិន្តកណ្តាលថ្ងៃត្រង់ដែលមិនអាចទៅរួច ទាំងទិដ្ឋភាពច្បាប់ ទាំងទិដ្ឋភាពបច្ចេកទេស និងគ្រាន់តែជាល្បិចបោកបញ្ឆោតដ៏ពិសពុល បង្កប់ចេតនាចង់បើកដៃឱ្យបរទេសលូកចូលកិច្ចការផ្ទៃក្នុងកម្ពុជា បំពានច្បាប់កំពូលរបស់ជាតិតែប៉ុណ្ណោះ។

រាជរដ្ឋាភិបាលកម្ពុជាបានប្រសូត្រឡើងចំនួន ៦នីតិកាលនៃរដ្ឋសភាមកហើយ បានគោរពអនុវត្តដ៏ខ្ជាប់ខ្ជួននូវខ្លឹមសារនៃរដ្ឋធម្មនុញ្ញដែលដកស្រង់គោលសំខាន់ៗ ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រៀបដូចជាកូនដែលបានប្រសូត្រមកកាលពី៣០ឆ្នាំមុន ដែលឪពុកម្តាយបាននិងកំពុងចិញ្ចឹមបីបាច់ថែទាំយ៉ាងល្អប្រសើរ ប្រកបដោយសុខុមាលភាព សុខភាពល្អ មាំមួន រួចស្រេចទៅហើយ។

ការពិតពីមាតុភូមិ, ថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១