(ភ្នំពេញ)៖ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ -២៣ តុលា ២០២១ នេះ ថ្នាក់ដឹកនាំ វេទិកាសន្តិភាពកម្ពុជា ព្រមទាំងសមាជិក សមាជិកា ទាំងអស់ បានសម្ដែងនូវការដឹងគុណចំពោះ សម្តេចតេជោ ហ៊ុន សែន សហស្ថាបនិកនៃ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ និងជាអគ្គមគុទ្ទេសក៏សន្តិភាពនៃកម្ពុជា ដែលសម្តេច បានចំណាយពេលវេលាពេញមួយជីវិតតាំងពីយុវវ័យមក ដើម្បីរំដោះអាយុជីវិតរបស់ ប្រជាពលរដ្ឋ នាំយកសិទ្ធិរស់រៀនមានជីវិតសាជាថ្មីជូនប្រជាពលរដ្ឋ និងកសាងមាតុភូមិសន្តិភាពមួយ ពេញលេញលើផ្ទៃប្រទេសជូនប្រជាពលរដ្ឋ ។

វេទិកាសន្តិភាពកម្ពុជា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន មិនមែនជាតួអង្គអ្នកបង្កើតបង្កាត់ភ្លើងសង្គ្រាម បង្ករនូវជំលោះ ប្រដាប់អាវុធ ធ្វើឱ្យខ្មែរបែកបាក់កាប់សម្លាប់គ្នាកាលពីអតីតកាលទេ... តែ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងតួនាទីជាអ្នកកំពូលយុទ្ធសាស្ត្រចរចាបញ្ចប់សង្គ្រាម និង កសាងសន្តិភាពជូនប្រជាជាតិខ្មែរ រហូតមកដល់បច្ចុប្បន្ននេះ។

វេទិកាសន្តិភាពកម្ពុជា បានបន្ថែមថា បើគ្មាន សម្តេចតេជោ ហ៊ុន សែន (កាលណោះជា សមមិត្ត ហ៊ុន សែន) ដែលចាប់ផ្តើមស្វែងរកជំនួបដំបូងជាមួយនឹង សម្តេច ព្រះបរម រតនកោដ្ឋ នរោត្តម សីហនុ ទេនោះ ក៏គ្មានការចរចាជាបន្តបន្ទាប់ជាមួយក្រុមរដ្ឋាភិបាលត្រីភាគីនៅ ក្នុងទសវត្សរ៍៨០ ហើយក៏នឹងគ្មានកិច្ចព្រមព្រៀសន្តិភាពមួយសម្រាប់កម្ពុជា នៅថ្ងៃទី ២៣ តុលា ១៩៩១ នោះដែរ ។ ដូច្នោះរាល់ពេលរំលឹកខួបអនុស្សាវរីយ៍ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺត្រូវ តែរំលឹកដល់គុណរបស់ឥស្សរជនជាសហស្ថាបនិកនៃកិច្ចព្រមព្រៀងនេះគឺសម្តេចតេជោ ហ៊ុន សែន និង សម្តេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ។

វេទិកាសន្តិភាពកម្ពុជា ថ្កោលទោសជនទាំងឡាយណា ដែលមើលរំលង និងម្រមាថមើលងាយ មិនឱ្យតម្លៃចំពោះ សហស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងជា អគ្គមគុទ្ទេសក៏សន្តិភាព នៃកម្ពុជា គឺ សម្តេចតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃកម្ពុជា៕