(កោះកុង)៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងខេត្តកោះកុង បានចុះអនុវត្តសាលដីកាលេខ ២១៩ «ខ» ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ៣៨ ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់តុលាការកំពូល ទាក់ទងរឿងដីក្នុងប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីចំនួន ៥៣បណ្ណ ស្ថិតនៅក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

បន្ទាប់ពីបានតទល់គ្នាទៅតាមផ្លូវតុលាការអស់រយៈពេលជាច្រើនឆ្នាំ រវាងសហដើមចោទឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត, ឆាយ ប្រុស និងចុងចម្លើយឈ្មោះ ទូច ស្រូយ ទាក់ទងដីក្នុងបណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ស្ថិតនៅក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង តុលាការកំពូលបានរកឃើញការថា លិខិតផ្ទេរសិទ្ធិរបស់សហដើមចោទ ឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត និង ឆាយ ប្រុស មិនអាចយកមកតតាំងជាមួយបណ្ណសំគាល់សិទ្ធិកាន់កាប់របស់ចុងចម្លើយ ឈ្មោះ ទូច ស្រូយ បានទេ ពីព្រោះថា លិខិតផ្ទេរសិទ្ធិរបស់ ឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត និង ឆាយ ប្រុស គឺធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០០៦។

រីឯបណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីចុងចម្លើយ ឈ្មោះ ទូច ស្រូយ គឺអាជ្ញាធរមានសមត្ថកិច្ចបានទទួលស្គាល់ត្រឹមត្រូវតាមទម្រង់នៃច្បាប់ភូមិបាល តាំងពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៤ មុនកាលបរិច្ឆេទនៃលិខិតផ្ទេរសិទ្ធិរបស់ដើមចោទប្រហែលជិត ១០ឆ្នាំ ហើយប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនេះ គឺមានឋានានុក្រមតម្លៃគតិយុត្តតាមច្បាប់ភូមិបាលខ្ពស់ជាងលិខិតផ្ទេរសិទ្ធិរបស់ដើមចោទ។ ដូច្នេះការទិញ-លក់ដីទំនាស់រវាងឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត ឆាយ ប្រុសនិងអ្នកលក់ដី គឺជាការលក់-ទិញដីលើដីដែលមានម្ចាស់កម្មសិទ្ធិរួចទៅហើយ។

លើសពីនេះទៅទៀត តាមរយៈលិខិតផ្ទេរសិទ្ធិការលក់-ទិញដីរវាងឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត ឆាយ ប្រុស និងភាគីអ្នកលក់ដី គឺធ្វើឡើងពុំស្របតាមស្មារតីមាត្រា ៦៩ នៃច្បាប់ភូមិបាលឆ្នាំ២០០១ ដោយហេតុថា នៅក្នុងលិខិតផ្ទេរសិទ្ធិលក់-ទិញដីខាងលើពុំមានចុះថ្លៃលក់-ទិញដីទេ។

ដូច្នេះតុលាការកំពូលបានសម្រេចឱ្យ ឈ្មោះ ទូច ស្រូយ ឈ្នះក្ដីលើដើមបណ្ដឹ ឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត និង ឆាយ ប្រុស នឹងបានចេញរូបមន្តអនុវត្ត លិខិតបញ្ជាក់ការចូលជាស្ថាពរនៃសាលដីកាលេខ២១៩ ជូនលោក ទូច ស្រូយ ផងដែរ។

គួរបញ្ជាក់ផងដែរថា ការចុះអនុវត្តសាលដីការស្ថាពរជូន លោក ទូច ស្រួយ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី ផងដែរ៕