(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានចុះពិនិត្យច្រវ៉ាក់ផលិតកម្មសិប្បកម្មកូនខ្មែរ រ៉ារី ដែលផលិតទឹកម្ទេស កាពិ ក្រោយទទួលបានស្តង់ដារផលិតផលហាឡាល។

ក្នុងឱកាសដែល គណៈប្រតិភូគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា អញ្ជើញទស្សនកិច្ចនោះ អគ្គនាយិការសិប្បកម្មរ៉ារី លោកស្រី កូវ ចន្ទសុវណ្ណារិទ្ធិ បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការទទួលយកស្តង់ដារផលិតផលរបស់ខ្លួន ជាមួយនឹងស្តង់ដារផលិតផលហាឡាល ដើម្បីឲ្យអតិថិជនជាតិ និងអន្តរជាតិគ្រប់ជាតិសាសន៍បានទទួលទានទទួលស្គាល់ផលិតផលរបស់ខ្លួនកាន់តែខ្លាំក្លាឡើង។

ក្រុមហ៊ុនបានកែច្នៃវត្ថុធាតុដើមពីកសិផលក្នុងស្រុក ធ្វើជាទឹកម្ទេស ទឹកជ្រលក់ហិរ ម្ទេសឆា និងកាពិឆា ក្នុងគោលបំណងចូលរួមលើកម្ពស់តម្លៃកសិផលរបស់ប្រជាកសិករ និងបង្កើនឱកាសការងារដល់យុវជន និងយុវនារី និងជាពិសេសគឺបងប្អូនគរថ្លង់។

ការផលិតនូវផលិតផលដែលកើតចេញពីស្នាដៃកូនខ្មែរនេះ គឺធ្វើឲ្យផលិតផលទាំងនេះ ឲ្យទៅជាផលិតផលដែលមានរសជាតិជារបស់ខ្មែរ និងមានគុណភាពខ្ពស់ ដោយប្រកបដោយស្តង់ដារអនាម័យ ទទួលបានការទទួលស្គាល់ជាផ្លូវការពីស្ថាប័ននានា ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារផលិតផលហាឡាលកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានកោតសរសើរ ចំពោះកិច្ចខិតខំតស៊ូរបស់ សិប្បកម្មរ៉ារី ប្រកបដោយលទ្ធផលជោគជ័យខ្ពស់ ព្រមទាំងបានលើកទឹកចិត្តបន្តផលិតចេញជាផលិតផលទទួលទានផ្សេងៗទៀត ដោយទទួលយកវិញ្ញាបនបត្រហាឡាល ដើម្បីប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងមានវិសាលភាពដល់ការចែកចាយ ទៅក្នុងទីផ្សាពិភពលោក ព្រោះសិប្បកម្មមានកម្រោតស្តង់ដារច្រវ៉ាក់ផលិតកម្មទំនើប អនុឡោមលើស្តង់ដារអនាម័យខ្ពស់ ថែមទាំងទទួលបានវិញ្ញាបនបត្រស្តង់ដារផលិតផលហាឡាលកម្ពុជា។

លោកបានលើកឡើងពីរោងចក្រសហគ្រាសមួយផ្សេងទៀត ដែលលោកអញ្ជើញទស្សនកិច្ចកាលពីដើមខែ គឺក្រុមហ៊ុនទទួលស្គាល់ពីទំហំ នៃការលក់ផលិតផលរបស់ខ្លួន រវាងមុននឹងក្រោយការទទួលបានបញ្ជាក់បច្ចេកទេស ផលិតផលហាឡាល គឺក្រុមហ៊ុនសម្រេចបានការលក់ចេញកើនឡើងប្រមាណ៣០ភាគរយ ដែលនេះគឺជាសារមួយមានសារសំខាន់ដល់បណ្តាសិប្បកម្ម រោងចក្រ សហគ្រាសផលិតផលទទួលទាន និងការផ្តល់សេវានានា ងាកមកទទួលយកការបញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលដើម្បីបង្កើនការលក់ចេញ សំដៅការលើកកម្ពស់សេដ្ឋកិច្ចប្រទេសកម្ពុជា៕