(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ វគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពអំពីរបៀបសរសេរព័ត៌មាន ដល់បុគ្គលិក អង្គភាពព័ត៌មាន Fresh News ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) បានឈានដល់សប្តាហ៍ទី២ហើយ។

ក្នុងសប្តាហ៍ថ្មីនេះ បានបន្តបង្ហាត់បង្ហាញដោយ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ដែលជាអ្នកជំនាញក្នុងវិស័យសារព័ត៌មាន ជាអ្នកបណ្ដុះបណ្ដាល និងមានសិក្ខាកាមចូលរួមប្រមាណ៣០នាក់។

ដោយបន្តពីមេរៀនក្នុងសប្តាហ៍ទី១ សម្រាប់សប្តាហ៍ទី២នេះ លោកព្រឹទ្ធាចារ្យ បានបង្ហាញដោយផ្ដោតសំខាន់ទៅលើទ្រឹស្ដី News Value។

នៅក្នុងទ្រឹស្ដីនេះ មានចំណុចសំខាន់ៗចំនួន១០ចំណុច ដែលអ្នកអ្នកសារព័ត៌មានចំបាច់ត្រូវដឹងមុនសម្រេចចិត្តជ្រើសរើសយកព្រឹត្តិការណ៍ណាមួយ មកសរសេរជាអត្ថបទព័ត៌មានក្នុងនោះរួមមាន Timeliness ភាពទាន់ពេលវេលា, Unusualness ភាពខុសប្រក្រតី, Importance សំខាន់, Impact ភាពប៉ះទង្គិច, Consequence ផលលំបាក រឿងខ្លះកើតឡើងនៅពេលនេះដែល វាអាចបង្ករផលប៉ះពាល់នៅពេលក្រោយ, Prominence/celebrity ភាពឆ្នើម ឬល្បីល្បាញ, Proximity ភាពក្បែរ (ភូមិសាស្រ្ត,ទីតាំង, ដំបន់, ចិត្តសាស្រ្ត), Conflict ទំនាស់ និង Prevalence or Currency បច្ចុប្បន្នភាព។

សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ FTC ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ។ FTC មាន លោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកធ្លាប់ជាអ្នកបណ្តុះបណ្តាល និងប្រឡូកក្នុងវិស័យសារព័ត៌មានអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

វគ្គបណ្តុះបណ្តាលលើកដំបូង ធ្វើឡើងរយៈពេល៣ខែមានសិក្ខាកាមជាបុគ្គលិក Fresh News ប្រមាណ៣០រូបចូលរួម។ ក្រោយបញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងអស់នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ចេញដោយអង្គភាពព័ត៌មាន Fresh News ដែលមានការទទួលស្គាល់ពីអង្គភាពជំនាញ និងគ្រូបង្គោលផងដែរ។ សម្រាប់វគ្គបន្ទាប់ FTC នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត និងយុវជនដទៃទៀត ដែលមិនមែនជាបុគ្គលិក Fresh News ចូលរៀនថែមទៀត៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព៏ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទលេខ : 089 960 090.
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ 092 768 617 ឬតេឡេក្រាម 086 858 748.