(ភ្នំពេញ)៖ សព្វថ្ងៃបើគេស្វែងយល់អំពីសាវតារភូមិសាស្រ្ដឈ្មោះឃុំព្រះដាក់ ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដែលមានសំនៀងរដឺនរណ្ដុំយ៉ាងពិរោះពីតំបន់នេះ គឺប្រជាពលរដ្ឋតែងពោលទៅដល់រឿងនិទាន ដែលបានដំណាលថាមាន គេសែងស្ដេចមួយព្រះអង្គ ដែលមានព្រះឈួនធ្ងន់ មកដល់កន្លែងហ្នឹង អ្នកសែងក៏ «ដាក់» ទ្រង់ចុះ ដ្បិតព្រះរោគាដុនដាបខ្លាំង បន្ទាប់មកព្រះអង្គក៏សុគតទៅ ទើបតំបន់នេះហៅថា «ព្រះដាក់» ឬក៏មានរឿងខ្លះទៀតថា យកតាមវត្តមួយ ឈ្មោះ «ព្រះដាក់» ជាដើម។

តើឈ្មោះ ឃុំព្រះដាក់ មានសាវតារពីណាមក?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅក្នុងសង្គមខ្មែរនិយាយអំពីការដាក់ឈ្មោះភូមិ ឃុំ ស្រុក ខេត្ដ គឺសុទ្ធតែមានសាវតារដែលអាចធ្វើឲ្យយើងបកស្រាយ ឬស្វែងយល់អំពីរឿងរ៉ាវទំាងនេះបាន ពីព្រោះចំពោះរឿងរ៉ាវសាវតារភូមិសាស្រ្ដនៃឈ្មោះភូមិ ឃុំ ស្រុក ខេត្ដនីមួយៗគឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យកូនខ្មែរគ្រប់ៗរូប បានស្គាល់យ៉ាងច្បាស់ថាទឹកដីទីនេះ ឬទីនោះជាទឹកដីរបស់ខ្មែរ។

ស្ថិតក្នុងន័យនេះចំពោះឈ្មោះឃុំព្រះដាក់ ជាតំបន់រដ្ឋបាលសព្វថ្ងៃ ស្ថិតនៅឥសានក្រុងនគរធំ បើនិយាយអំពីសាវតារភូមិសាស្រ្ដទីតំាងតំបន់នេះកាលពីបុរាណគេហៅថា «ប្រដាក» ព្រោះជាតំបន់មានជាប់ទាក់ទងនឹងឈ្មោះប្រវត្ដិសាស្រ្ដតាមសិលាចារឹក K.265 «តដាក» គឺសម្តៅដល់បារាយណ៍របស់ ព្រះបាទយសោវរ្ម័នទី១ ដែលមានឈ្មោះថា «យសោធរតដាក»។ តដាក ជាភាសា សំស្រ្កឹតមាន ន័យថា ស្រះទឹកធំ បឹង បារាយណ៍។

ម្យ៉ាងទៀត ចំពោះភាសានៃប្រជាជនក្នុងឃុំនេះ មានសំនៀងខុសប្លែកពីភាសានៃប្រជាជនក្នុងទីដទៃខ្លះ គឺមានសំនៀងរដឺនៗ ហើយមានសម្លេងខ្ពស់ទាបដូចជាភាសាភ្លេង។ ឯពាក្យថាប្រដាកនេះទៀតសោត មិនដឹងជាមានន័យដូចម្ដេច ខ្លះថាមកពីប្រជាជនក្នុងតំបន់នេះ និយាយបង្អូសសម្លេងអន្លាយៗ មិនសូវច្បាស់លាស់ ធ្វើពាក្យសំដីឲ្យប្រតេកប្រតាក ឃ្លាតចាកសម្លេងពិត ហើយគេហៅថាឃុំ ប្រដាក ទៅ តែដោយហេតុប្រជាជាតិខ្មែរ ធ្លាប់និយមអានពាក្យដែលជាអក្សរ «ត» ទៅជាអក្សរ «ដ» វិញដូចជាពាក្យថាមាតាបិតា ជាដើមនោះពាក្យថា ប្រតាក ក៏ក្លាយទៅជា ប្រដាក ទៅវិញ។

បើតាមលោក រ័ត្ន សណ្ដាប់ យល់ថាចំពោះពាក្យថា ប្រដាក គឺក្លាយមកពីភាសាសំស្រ្ដឹតថា តឌាត បាលីថា តទ្បាក ប្រែថា ស្រះធំ បឹង ឬបារាយណ៍។ ភូមិតដាក គឺភូមិបឹង ព្រោះឃុំនេះឋិតនៅនាទិសខាងជើងជិតស្រះស្រង់ ដែលបុព្វបុរសសម័យអង្គរ អ្នកស្ទាត់ជំនាញខាងភាសាសំស្រឹ្ដត លោកនិយមហៅថា តឌាត ហៅក្លាយថា តដាក ព្រោះមានទំហំធំជាងស្រះធម្មតា។

លុះអំណើះតមក ខេមរជនក៏នំាគ្នានិយមហៅថា ស្រះស្រង់ ទៅវិញ ព្រោះទីនោះជាកន្លែងគេជីកសម្រាប់ព្រះរាជាជាស្ដេចយាងទៅស្រង់ព្រះវារីកម្សាន្តព្រះទ័យ។ ឯភូមិដែលឋិតនៅក្បែរនោះ មិនបានប្រែឈ្មោះទៅតាមបឹងទេ គឺនៅហៅថា ភូមិតដាក ដដែល។ លុះចំណេរតមកក៏ក្លាយជា ប្រដាក ទៅវិញ ហើយបានទ្បើងឋាន:ជាឃុំ តាមចំនួនប្រជាជនដែលចម្រើនទ្បើង។

តែអ្វីដ៏គួរឲ្យចាប់អារម្មណ៍នោះ គឺសាវតារក្នុងការប្រើឈ្មោះឃុំព្រះដាក់ ជាឈ្មោះរដ្ឋបាលឃុំសព្វថ្ងៃនេះទៅវិញទេ ពីព្រោះចំពោះការប្រើឈ្មោះឃុំព្រះដាក់នេះ គឺនៅឆ្នំា១៩៤៥ ក្នុងពេលដែល ដាប ឈួន បានមកសូមចុះចូលរស់នៅក្រោមម្លប់ព្រះរាជបល្ល័ង្គ ហើយតាំងបន្ទាយនៅក្នុងឃុំនេះគាត់ក៏បានប្រែពីឈ្មោះ ប្រដាក មកជា ព្រះដាក់ ទៅវិញ ពីព្រោះគាត់ចង់បញ្ជាក់ថាព្រះដាក់ឲ្យគាត់នៅទីនេះ ដើម្បីកសាងខ្លួនឲ្យទៅជាម្ចាស់ផែនដី ដោយគាត់ជឿលើពាក្យពុំនោលថា ឆ្នំាជូតរបូតកម្មយើង ម្ចាស់តូចស្ដើងសោយរាជ្យនគរបី។ ដោយគាត់គិតថាខ្លួនគាត់ក៏មានរាងតូចស្ដែងស្របតាមពាក្យពុំនោលនេះផងដែរ។

ដោយអាស្រ័យជំនឿនេះហើយ បានជាគាត់ខិតខំរកគ្រប់មធ្យោបាយ ដើម្បីកសាងខ្លួនឲ្យទៅជាម្ចាស់ផែនដី រហូតដល់ហ៊ានរួមគំនិតក្បត់ជាមួយចក្រពត្ដិ និងបរិវារវាទាល់តែវិនាសបាត់បង់ជីវិតទៅ៕