(ភ្នំពេញ)៖ «អ្នកសារព័ត៌មានត្រូវចងចាំថា ខ្លួនត្រូវសរសេរបង្ហាញ តែមិនត្រូវសរសេរប្រាប់នោះទេ (Write to show and do not write to tell)»។ នេះជាការណែនាំរបស់ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (FTC) ទៅកាន់សិក្ខាកាម នៃវគ្គបណ្តុះបណ្តាលជំនាញ សរសេរព័ត៌មាន ជំហានទី១ នៅក្នុងអង្គភាពព័ត៌មាន Fresh News កាលពីចុងសប្តាហ៍មុន។

លោក ម៉ារ យ៉ារិទ្ធ ក្នុងនាមជាអ្នកជំនាញសារព័ត៌មានជើងចាស់ជាង៣០ឆ្នាំ បានបន្ថែមថា ជាក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មានមានសិទ្ធិសរសេរបង្ហាញតាមហេតុការណ៍ដែលកើតមានឡើងជាក់ស្តែង តែគួរចៀសវាងការសរសេរប្រាប់។ ការសរសេរប្រាប់ (write to tell) ក្នុងន័យនេះ គឺមានន័យថា ការវាយតម្លៃ ឬសន្និដ្ឋានណាមួយ ដែលហួសពីហេតុការណ៍ជាក់ស្តែង។ ដោយឡែក ការសរសេរបង្ហាញ (Write to show) គឺមានន័យថា អ្នកសារព័ត៌មានសរសេរបង្ហាញនូវហេតុការណ៍ ឬសកម្មភាពទាំងអស់ ដែលកើតឡើងជាក់ស្តែង ហើយអ្នកសារព័ត៌មានត្រូវទុកឲ្យអ្នកអាន ឬអ្នកទស្សនាព័ត៌មាន វាយតម្លៃសាច់រឿង និងព្រឹត្តិការណ៍នៃព័ត៌មានដោយខ្លួនឯង។

«នេះគឺជាភាពវ័យឆ្លាតមួយរបស់អ្នកសារព័ត៌មាន ដែលអាចគោរពបានទាំងក្រមសីលធម៌សារព័ត៌មាន ហើយថែមទាំងអាចទាក់ទាញចិត្តអ្នកអាន និងអ្នកទស្សនាបានថែមទៀតផង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ម៉ារ យ៉ារិទ្ធ។

លោក ម៉ារ យ៉ារិទ្ធ គឺជាព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានមួយរូប ដែលធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះលោកក៏បានចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំស្ថាប័នសារព័ត៌មាន ជាច្រើន រហូតអ្នកសារព័ត៌មានជាច្រើនបានផ្ដល់រហ័សនាមជូនលោកថា «អាត់ជួង» នៅកម្ពុជា។

សូមបញ្ជាក់ដែរថា មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ FTC ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ។ FTC មាន លោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកធ្លាប់ជាអ្នកបណ្តុះបណ្តាល និងប្រឡូកក្នុងវិស័យសារព័ត៌មានអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

វគ្គបណ្តុះបណ្តាលលើកដំបូង ធ្វើឡើងរយៈពេល៣ខែ មានសិក្ខាកាមជាបុគ្គលិក Fresh News ប្រមាណ៣០រូបចូលរួម។ ក្រោយបញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងអស់នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ចេញដោយអង្គភាពព័ត៌មាន Fresh News ដែលមានការទទួលស្គាល់ពីអង្គភាពជំនាញ និងគ្រូបង្គោលផងដែរ។ សម្រាប់វគ្គបន្ទាប់ FTC នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត និងសាធារណជនដទៃទៀត ដែលមិនមែនជាបុគ្គលិក Fresh News ចូលរៀនថែមទៀត៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទលេខ : 089 960 090.
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ 092 322 334