(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្ត្រីក្រោមឱវាទ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានគោរពថ្លែងគុណ និងដឹងគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះគំនិតផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ ធម្មនុញ្ញកំណត់ថ្នាក់ដឹកនាំកំពូល «មានសញ្ជាតិខ្មែរតែមួយគត់» ដែលត្រូវបានរដ្ឋសភាអនុម័តនៅថ្ងែទី២៥ ខែតុលានេះ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ខ្ញុំសូមគោរពអនុញ្ញាតចូលរួមជាមួយប្រជាជនកម្ពុជា អបអរសាទរយ៉ាងក្លៀវក្លាបំផុត និងយ៉ាងស្មោះស្ម័គ្របំផុត ព្រមទាំងសូមគោរពសម្តែងអំណរគុណ និងទឹកចិត្តកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្កើតស្នាដៃមួយទៀត ក្នុងការដឹកនាំប្រទេស។ ការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ បានសបញ្ជាក់នូវឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅ និងស្មោះត្រង់ឥតងាករេរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីចំពោះជាតិមាតុភូមិ»

លោករដ្ឋមន្ត្រីបានលើកឡើងថា អត្ថបទច្បាប់ធម្មនុញ្ញ ដែលមានចែងច្បាស់ថា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់» នេះ គឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ឱ្យឥស្សរជនជាន់ខ្ពស់ ដែលកាន់មុខតំណែងជាមេដឹកនាំនៃស្ថាប័នកំពូលទាំងបួនរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា ទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការសំខាន់ៗ ដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយធ្វើការដឹកនាំប្រទេសដោយតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ ក៏ដូចជាការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែក ពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬការបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា។

លោក ប៉ាន សូរស័ក្តិ បញ្ជាក់បន្ថែម «សមិទ្ធផលដ៏វិសេសនេះ គឺជាស្នាដៃជាប្រវត្តិសាស្ត្រមួយទៀត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលត្រូវបានចារឹកទុកជាកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ បន្ទាប់ពីការសម្រេចបានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានដឹកនាំប្រកបដោយបញ្ញាញាណដ៏វៃឈ្លាស គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ មានចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយម និងស្នាដៃមួយទៀត គឺការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់ដើម្បីនឹងកម្ចាត់ជំងឺកូវីដ-១៩ ដែលជាសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់ខុសពីសមរភូមិយោធា ហើយដែលមានសម្តេចតេជោ ជាអគ្គបញ្ជាការតែមួយគត់ ដែលបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត ក្នុងការធានាបាននូវសុខុមាលភាពសាធារណៈ ការទ្រទ្រង់នូវកំណើនសេដ្ឋកិច្ច និងការគាំពារសង្គម»

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានរដ្ឋសភាអនុម័តរួចហើយក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានសម្តេចតេជោ ស្នើឱ្យបង្កើតឡើងកាលពីថ្ងៃទី០៦ ខែតុលា កន្លងទៅនេះ។

សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងដើម្បីធានាបានឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ចំពោះគោលជំហរ និងការប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ទាំងអស់ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែក ពីបរទេស៕