(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌចំការមន រាជធានីភ្នំពេញ បានចុះរុះរើតូបលក់ដូរគ្មានសណ្តាប់ និងអនាធិបតេយ្យមួយចំនួននៅលើផ្លូវច្រកចូលអតីតបន្ទាយកងអង្គរក្ស (បន្ទាយស៊ុប) នៅក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌទន្លេបាសាក់ បន្ទាប់ពីម្ចាស់តូបបានព្រមទទួលយកគោលនយោបាយដឹកនាំសម្របសម្រួល ដោយលោកអភិបាលរងខណ្ឌចំការមន ដោយស្នាមញញឹម។

ការចុះរុះរើតូបនេះ បានធ្វើឡើងក្រោមការដឹកនាំពីសំណាក់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដោយមានការរួមជាមួយលោក ខាត់ ណារិទ្ធិ ចៅសង្កាត់ទន្លេបាសាក់បានដឹកនាំមន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ ភូមិមួយចំនួនផងដែរ។

ក្នុងឱកាសនោះលោកបណ្ឌិត អាំង សិរីពិសិដ្ឋ ក៏បានដាក់ទុនរួមជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដោយបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនចំនួន១ខែ (២លានរៀល) និងថវិការបស់ប្រជាពលរដ្ឋ ២លានរៀលទៀត ដើម្បីបំពេញស្នាមញញឹមប្រជាពលរដ្ឋមួយភូមិ១៣នេះផងដែរ បានព្រមរុះរើតូប ដែលសង់លើផ្លូវសាធារណៈនោះ ដើម្បីទុកផ្លូវឱ្យធំ ប្រើប្រាស់ជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅផ្លូវលេខ៤២២ ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សូមបញ្ជាក់ផងដែរ ទីតាំងនេះធ្លាប់មានវិវាទប្តឹងផ្តល់គ្នារវាងប្រជាពលរដ្ឋក្នុងមូលដ្ឋាន រហូតដល់មានការសម្របសម្រួលពីលោកអភិបាលរងទាំងយប់ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។ ក្នុងនោះផងដែរ លោកបានសន្យានឹងរិះរកមធ្យោបាយធ្វើឱ្យច្រកចូលមួយនេះមានសណ្តាប់ធ្នាប់ឡើងវិញ៕