(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យអាស៊ានផ្តោតជាសំខាន់ក្នុងការជំរុញការបរិវត្តកម្មឌីជីថលសង្គម-សេដ្ឋកិច្ច ជាពិសេសលើកកម្ពស់ការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ធុរកិច្ច ដើម្បីលើកកម្ពស់ចីរភាព និងភាពធន់នៃការអភិវឌ្ឍតំបន់។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសសម្តេចអញ្ជើញថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ នៅក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ក្រោមប្រធានបទ៖ «កសាងអនាគឌីជីថលប្រកបដោយចីរភាពរបស់យើង»។

សម្តេចតេជោ បានកត់សម្គាល់ថា ការវិវត្តរីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថល កំពុងនាំមកនូវកាលានុវត្តភាពជាច្រើន ដែលមិនត្រឹមតែផ្តល់នូវប្រភពកំណើនសេដ្ឋកិច្ចថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយបង្កើនផលិតភាពសេដ្ឋកិច្ចទៀតផងដែរ។

«ក្នុងបរិការណ៍នេះ ដើម្បីលើកកម្ពស់ចីរភាព និងភាពធន់នៃការអភិវឌ្ឍតំបន់ អាស៊ានត្រូវផ្តោតជាសំខាន់ក្នុងការជំរុញការបរិវត្តកម្មឌីជីថលសង្គម-សេដ្ឋកិច្ច ជាពិសេសលើកកម្ពស់ការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ធុរកិច្ច តាមរយៈការរៀបចំអភិបាលកិច្ចរួមសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលរាប់បញ្ចូលទាំងការកំណត់ស្ដង់ដារបទប្បញ្ញត្តិ ឯកជនភាព ការចែករំលែកទិន្នន័យ និងការតភ្ជាប់ឌីជីថល ដោយផ្តោតលើការអនុវត្តផែនការមេឌីជីថលអាស៊ានឆ្នាំ២០២៥ ព្រមទាំងគំនិតផ្ដួចផ្តើមពាក់ព័ន្ធដទៃទៀត»។ នេះជាបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។

សម្តេចបានបន្តថា ការពន្លឿនការធ្វើសមាហរណកម្មតំបន់ និងសកល ក៏ជាកិច្ចការអាទិភាពបំផុតមួយផងដែរ ក្នុងការជំរុញកាស្តារ និងជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។ អាស៊ានត្រូវបន្តប្រកាន់ខ្ជាប់អភិក្រមពហុភាគីនិយម ពង្រឹងសកលភាវូបនីយកម្ម និងខិតខំជំរុញការសម្រេចបាននូវរបៀបវារៈនៃការធ្វើសមាហរណកម្មតំបន់ ក្រោមចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ ដើម្បីពង្រឹងការតភ្ជាប់ឱ្យ កាន់តែស្អិតរមួតរវាងសរសៃឈាមសង្គម និងជីវភាពសេដ្ឋកិច្ច ។

សម្តេចតេជោបានបន្ថែមថា៖ «យើងត្រូវបង្កើនការយកចិត្ត ទុកដាក់ខ្ពស់ចំពោះកិច្ចការសំខាន់ៗរួមមាន៖ ការជំរុញ ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្ម និងវិនិយោគឱ្យកាន់តែពេលលេញ និងស៊ីជម្រៅ, ការសម្រួល ការធ្វើដំណើរឆ្លងដែនឡើងវិញប្រកបដោយសុវត្ថិភាព, ការបង្កើនសមត្ថភាពមីក្រូសហគ្រាស, សហគ្រាសធុនតូច និងមធ្យម (MSMEs) ជាដើម ។ល។»

ឆ្លៀតយកឱកាសនេះ សម្តេចក៏បានលើកឡើងអំពីតួនាទីសំខាន់ៗមួយចំនួនរបស់វិស័យឯកជន ក្នុងការរួមចំណែកសម្រេចឱ្យបាននូវការងារអាទិភាព និងផែនការការងារអាស៊ានក្នុងឆ្នាំ ២០២២ ដូចតទៅ៖

ទី១៖ ត្រូវទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន ដែលមានស្រាប់ ជាពិសេសកិច្ចព្រមព្រៀង អាសិប (RCEP) ដែលគ្រោងនឹងចូលជាធរមាននៅដើមឆ្នាំ២០២២ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការជំរុញវិនិយោគផ្ទាល់ពីបរទេស ដើម្បីបង្កើតការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច ។

ទី២៖ ចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ ជាពិសេសការអភិឌ្ឍជំនាញឌីជីថល, ព្រមទាំងការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការចូលរួមសហការជាមួយធុរកិច្ច និងវិនិយោគផ្ទាល់ពីបរទេស ដែលជួយការកាត់បន្ថយគម្លាតឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។

ទី៣៖ លើកកម្ពស់កិច្ចសហការរវាងវិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសតាមរយៈយន្តការភាពជាដៃគូវាងរដ្ឋ និងឯកជន ក្នុងគោលបំណងកៀរគរធនធានហិរញ្ញវត្ថុមកប្រើប្រាស់ក្នុង ការអភិវឌ្ឍ និងការអនុវត្តគំនិតផ្ដួចផ្តើមនានា ដើម្បីជួយបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់ការស្តារ ឡើងវិញនូវកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច៕