(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ក្រុមការងារ និងរដ្ឋបាលខេត្ត នឹងប្តេជ្ញារួមគ្នាអភិវឌ្ឍសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ និយាយជារួមក្នុងស្រុកក្រគរផ្ទាល់តែម្តង ដោយផ្តោតសំខាន់លើវិស័យឧស្សាហកម្ម សិប្បកម្ម ទេសចរណ៍ កីឡា និងអភិរក្សធនធានជលផល សម្រាប់ទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ថ្នាក់ដឹកនាំទាំង២ បានលើកឡើងបែបនេះ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅរោងចក្រខ្សែកាប ក្នុងពិធីជួបសំណេះសំណាល និងនាំយកអំណោយមកចែកជូន កម្មករកម្មការិនី រោងចក្រកាត់ដេរតៃអ៉ីហ្ស៉ី ដែលរស់នៅក្នុងឃុំស្នាអន្សារ និងឃុំអន្លង់ត្នោត ចំនួន១៥៥១នាក់ ដោយបានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ និងក្រុមការងារជាច្រើនរូបទៀត។

លោក កែវ រតនៈ និងលោក ជាវ តាយ បានថ្លែងបញ្ជាក់ថា នៅពេលខាងមុខ ក្រុមការងារ និងរដ្ឋបាលខេត្ត នឹងប្តេជ្ញារួមគ្នាអភិវឌ្ឍសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ និយាយជារួមក្នុងស្រុកក្រគរផ្ទាល់តែម្តង ដោយផ្តោតសំខាន់លើវិស័យឧស្សាហកម្ម សិប្បកម្ម ទេសចរណ៍ កីឡា និងអភិរក្សធនធានជលផល ឱ្យកាន់តែលេចធ្លោ និងឈានមុខគេក្នុងខេត្ត សម្រាប់ទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យកាន់តែច្រើនឡើង ឈានទៅបង្កើតទីផ្សារការងារ និងកាត់បន្ថយភាពក្រីក្រ។

ថ្នាក់ដឹកនាំទាំង២ បានបន្ថែមថា «ជាមោទនភាពសម្រាប់ខេត្តយើង ដោយផ្អែកទៅលើការបោះទុនវិនិយោគ និងសក្តានុពលដែលមាននៅក្នុងតំបន់នេះ ដូចជារោងចក្រកាត់ដេរ រោងចក្រផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ រោងចក្រផលិតត្រង់ហ្វូ និងរោងចក្រផលិតខ្សែកាប្លិ៍។ល។ ជាមួយគ្នានោះ ក៏មានរោងចក្របង្គុំ និងដំឡើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុនផលិតរថយន្ត Ford ក៏ត្រូវបាននឹងកំពុងដំណើរការសាងសង់ ដែលរោងចក្រសហគ្រាសទាំងអស់នេះ អាចស្រូបយកនូវទីផ្សារពលកម្មបានរាប់ពាន់នាក់»

តាមរយៈនៃការសំណេះសំណាលនោះដែរ ថ្នាក់ដឹកនាំទាំង២ ក៏បានអំពាវនាវដល់កម្មករកម្មការិនី ចូលរួមជួយថែរក្សាសន្តិភាព ក៏ដូចជាសមិទ្ធផលដែលមានស្រាប់ ឱ្យស្ថិតស្ថេរគង់វង់យូរអង្វែង។ ជាមួយគ្នានោះ គប្បីបង្កើនស្មារតី និងអនុវត្តជាប់ជាប្រចាំ នូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា «៣ការពារ ៣កុំ»៕