(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់ជាថៅកែរកស៉ីទិញ-លក់រថយន្តម្នាក់ កាលពីរសៀលថ្ងៃទី២៤ ខែតុលា រួចបញ្ជូនទៅតុលាការ ពាក់ព័ន្ធបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ករណីប្រើប្រាស់មូលប្បទានបត្រអត់មានសាច់ប្រាក់ (សែកស្អុយ) ប្រមាណជាង ២០ម៉ឺនដុល្លារអាមេរិក។

សមត្ថកិច្ចបានឲ្យដឹងថា ថៅកែទិញលក់រថយន្តនោះឈ្មោះ ផាត វុទ្ធី ហៅ ជ្រុយ ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរលក់-ដូរ មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បុរសដែលជាថៅកែទិញលក់រថយន្តខាងលើនេះ បានរងនូវពាក្យបណ្តឹងមួយ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលមានអ្នកស្រីឈ្មោះ គិត ផល្លី បានប្តឹងនៅសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធរាជធានីភ្នំពេញ ដោយចោទប្រកាន់ជនសង្ស័យថា ប្រើប្រាស់សែកស្អុយលើទឹកប្រាក់ប្រមាណជាង ២០ម៉ឺនដុល្លារអាមេរិក (២១២.១៨០ដុល្លារអាមេរិក) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១នេះ។

តាមពាក្យបណ្តឹងបានបញ្ជាក់ថា ឈ្មោះ ផាត វុទ្ធី បានទៅខ្ចីប្រាក់ពីម្ចាស់បំណុលចំនួន ៣លើក សរុបជាទឹកប្រាក់ ៤៦៣.៣០០ ដុល្លារអាមេរិក
ដោយយកទៅទិញរថយន្តចំនួន ១១គ្រឿង ដើម្បីដាក់តាំងលក់បានផលចំណេញ យកប្រាក់ទៅសងដើមបណ្តឹងវិញ។

ប៉ុន្តែនៅពេលថៅកែឡាននោះលក់រថយន្តអស់ហើយ ជនសង្ស័យមិនបានបង្វិលប្រាក់ឲ្យទៅដើមចោទគ្រប់ចំនួនទេ គឺនៅខ្វះជាង ២០ម៉ឺនដុល្លារអាមេរិកទៀត ហើយជនសង្ស័យបានប្រើប្រាស់ មូលប្បទានបត្រ ២សន្លឹក ឲ្យទៅដើមបណ្តឹងដែលសុទ្ធតែជាសែកស្អុយ មិនមានទឹកប្រាក់តម្កល់ក្នុងធនាគារ ថែមទាំងគេចវេសនឹងបំណុលនោះ។

នៅដំណាក់កាលស៉ើបសួរ ថៅកែទិញ-លក់រថយន្ត ដែលរងនូវបណ្តឹងព្រហ្មទណ្ឌនេះ បានទទួលស្គាល់ការពិតយ៉ាងដូច្នោះមែន តែលុយនោះខ្លួនបានសងទៅ ដើមបណ្តឹងជាបន្តបន្ទាប់ និងតាមដំណាក់កាលដែរ មិនមានគំនិតទុច្ចរិតមិនសងទេ៕