(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យ Angelo State University (ASU) របស់សហរដ្ឋអាមេរិក ដើម្បីរួមដៃគ្នាលើកកម្ពស់វិទ្យាសាស្ត្រពិត។

អនុស្សារណៈនៃការយោគយល់ ត្រូវបានចុះដោយលោកស្រីសាស្ត្រាចារ្យបណ្ឌិត អ៊ុ រ៉ាវី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាស្ត្រាចារ្យបណ្ឌិត Won-Jae Lee តំណាងសាកលវិទ្យាល័យ ASU ហើយពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អនុស្សារណៈនៃការយោគយល់គ្នានេះដែរ បានលេចចេញជារូបរាងឡើង បន្ទាប់ពីកិច្ចពិភាក្សារវាងតំណាងស្ថាប័នទាំងពីរ និងបានឈានដល់សម្រេចកិច្ចសហប្រតិបត្តិការ ផ្តោតសំខាន់លើការបង្កើតគុណភាព ប្រសិទ្ធភាព នៃការអប់រំកម្រិតឧត្តមសិក្សា បូករួមគោលដៅផ្សេងៗ ដែលមានដូចជា៖

១៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកឧត្តមសិក្សារវាងស្ថាប័នទាំងពីរ
២៖ ពង្រឹងវិសាលភាពលើការអភិវឌ្ឍកម្មវិធីអប់រំ និងការផ្លាស់ប្តូរនិស្សិតដែលមានស្រាប់ ដូចជា 1+3 Foundation Program
៣៖ ពន្លាតការខិតខំស្វែងរក និងបណ្តុះបណ្តាលផ្នែកអប់រំ ដែលអាចឈានទៅដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សាទាំងពីរ
៤៖ ខិតខំបន្ត និងអភិវឌ្ឍ កម្មវិធីដែលមានស្រាប់ក្រោមការខិតខំតាំងចិត្តខ្ពស់។

កម្មវិធីចុះអនុស្សារណៈនៃការយោគយល់គ្នា និងកម្មវិធី 1+3 Foundation Program នេះដែរ មានការជ្រោមជ្រែង ពីតំណាងសាកលវិទ្យាល័យ ASU ប្រចាំនៅកម្ពុជា Ambitious Student Ubquitous ។ កម្មវិធី 1+3 Foundation Program ផ្តល់ឱកាសឲ្យនិស្សិតឆ្លងកាត់វគ្គសិក្សាឆ្នាំមូលដ្ឋាន១ នៅសាកលវិទ្យាភូមិន្ទភ្នំពេញ និង ៣ឆ្នាំ នៅសាកលវិទ្យាល័យ ASU លើជំនាញជីវវិទ្យា រូបវិទ្យា គីមីវិទ្យា វិទ្យាសាស្ត្រភូមិវិទ្យា សំណង់ស៉ីវិល និងវិស្វកម្មគ្រឿងយន្ត។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀង (MoA) ជាមួយសាកលវិទ្យាល័យ Angelo នាពេលឆាប់ៗនេះទៀត ដើម្បីអនុវត្តកម្មវិធី 1+3 Foundation Program ៕