(ភ្នំពេញ)៖ វិញ្ញាបនប័ត្រសម្គាល់ សិទ្ធិកាន់កាប់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ចំនួនប្រមាណជាង ១,៩០០ប័ណ្ណ បាននិងកំពុងធ្វើពិធីចែកជាបណ្ដើរៗ ស្ថិតនៅអាគារទីស្នាក់ការកាំកូស៊ីធី សម្រាប់ជូនប្រជាពលរដ្ឋ ដែលមកពីភូមិគង្គាផុស និងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បើគិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

ពិធីចែកវិញ្ញាបនប័ត្រសម្គាល់ សិទ្ធិកាន់កាប់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ចំនួនប្រមាណជាង ១,៩០០ប័ណ្ណនេះ បានធ្វើឡើងក្រោមវត្តមានចូលរួមជាអធិបតីភាពពីលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក ពឹង រតន: អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានី និងមានការចូលរួមផងដែរ ពីប្រជាពលរដ្ឋ ជាង១០០នាក់។

ពិធីចែកវិញ្ញាបនប័ត្រសម្គាល់ សិទ្ធិកាន់កាប់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ចំនួនប្រមាណជាង ១,៩០០ប័ណ្ណនេះដែរ បានធ្វើឡើង ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដំណឹងកាលពីសប្ដាហ៍មុនថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី នឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដី ស្ថិតនៅក្នុងតំបន់វិនិឆ្ឆ័យ ភូមិគង្គាផុស និងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមលោក ឯក ឃុនដឿន នៅក្នុងពិធីចែកវិញ្ញាបនប័ត្រសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ចំនួន១,៩០០នេះ, បើក្នុងករណីប្រជាពលរដ្ឋ ខនខានមិនបានមកទទួលយកប័ណ្ណទេ គឺអាចយកឯកសារពាក់ព័ន្ធក្បាលដី ហើយធ្វើការទំនាក់ទំនងទៅយកផ្ទាល់បាន នៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខណ្ឌ ក្រោយពីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះតទៅ ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះ និងត្រូវអស់សុពលភាពតាមផ្លូវច្បាប់។

លោកអភិបាលខណ្ឌឫស្សីកែវរូបនេះបញ្ជាក់ទៀតថា ការសម្រេចចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) និងមោឃភាព នៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ឌសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ របស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើង ដោយយោងតាមអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្ដីពីនិតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

ជាមួយគ្នានេះ សូមម្ចាស់ក្បាលដីស្ថិតក្នុងទីតាំងខាងលើ ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក មេត្តាយកប័ណ្ណទាំងនោះ មកប្រគល់ឱ្យមន្ត្រីរដ្ឋបាលសុរិយោដី នៅភូមិគង្គាផុស និងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ជាកំហិត។

បន្ថែមពីនេះ សម្រាប់ម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឬដាក់ធានា ពាក់ព័ន្ធនិងក្បាលដីក្នុងតំបន់វិនិឆ្ឆ័យខាងលើ សូមយកប័ណ្ណទាំងនោះ មកជូនមន្ត្រីរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្ម ដើម្បីការធានាប្រាក់របស់លោកអ្នក៕