(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យមើល ស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា នៅពេលទឹកបុកមកខ្លាំង និងឡើងកាន់តែខ្លាំងជាងនេះ។

បើតាមការបញ្ជាក់ពីមន្ត្រីជំនាញបានឱ្យដឹងថា ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត គិតមកនៅត្រឹមល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ មិនមានអ្វីប្រែងប្រួលឱ្យធ្ងន់ធ្ងរនូវឡើយទេ ហើយរដ្ឋបាលបានប្រើប្រាស់កម្លាំងសរុប អនុវត្តការងារភ្លាមៗ ទាំងការទប់ទំនប់ឲ្យបានខ្ពស់ វិធានការទប់ស្កាត់ទឹកហូរច្រោះតាមរុននាគ ជាមួយនឹងការត្រៀមលក្ខណៈទុកជាមុនក្នុងរយៈពេលវែង។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក ឃួង ស្រេង នៅតែដាក់បញ្ជាក់យ៉ាងម៉ឺងម៉ាត់ឲ្យអាជ្ញាធរ និងកងកម្លាំងទាំងអស់ ត្រូវតែនៅជាប់ជាមួយប្រជាពលរដ្ឋ ពេលមានហានិភ័យអ្វីកើតឡើង យើងអាចដោះស្រាយឆ្លើយតប ជួយសង្គ្រោះយបានទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។

ជាមួយនឹងបញ្ហាប្រឈមនេះ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ៣៦គ្រឿង បាវខ្សាច់ធំ-តូច សំណាញ់ថ្ម និងកម្លាំងអន្តរាគមន៍ប្រចាំនៅតាមទំនប់សណ្តរស្ទឹងព្រែកត្នោត ដើម្បីការពារហានិភ័យពីជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ពោលគឺប្រចាំការ២៤ម៉ោងលើ២៤ម៉ោងតែម្ដង៕