(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ហៅកាត់ថា ន.អ.ប នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំ បានជូនដំណឹងពីការចាប់ផ្តើមទទួលពាក្យសុំផ្សះផ្សារ តាមប្រព័ន្ធតេលេក្រាម ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្ម រក្សាស្ថរភាព និងការអភិវឌ្ឍ វិស័យអចលនវត្ថុ និងវិស័យបញ្ចាំ ព្រមទាំងចូលរួមអនុវត្តតាមបរិបទថ្មីនៃការវិវឌ្ឍនៃជំងឺកូវីដ១៩។
តាមសេចក្តីជូនដដំណឹងរបស់ ន.អ.ប ប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អនុលោមតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងប្រកាសលេខ ០៣០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១៧ ស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានភាគីពាក់ព័ន្ធនៃកិច្ចសន្យាលក់-ទិញ អចលនវត្ថុ ឬកិច្ចសន្យាទទួលបញ្ចាំ និងកិច្ចសន្យាទទួលប្រាតិភោគដោយអនប្បទាន ដែលមានវិវាទ អាចជាកម្មវត្ថុនៃការសម្រុះសម្រួល និងផ្សះផ្សារវិវាទដោយក្រសួង ឬមន្ទីរ។ យន្តការសម្របសម្រួល និងដោះស្រាយវិវាទ ត្រូវធ្វើឡើងតាមនីតិវិធីជាធរមាន រហូតដល់មានកិច្ចព្រមព្រៀងផ្សះផ្សារវាងគូភាគីនៃវិវាទ ដោយមានការដឹកនាំសម្របសម្រួល និងដោះស្រាយដោយ ន.អ.ប។ ហេតុនេះ ន.អ.ប សូមលើកទឹកចិត្តទៅដល់ភាគីពាក់ព័ន្ធនៃវិវត្តក្នុងអាជីវកម្មអចលនវត្ថុ និងបញ្ចាំទាំងអស់អាចដាក់ពាក្យស្នើសុំផ្សះផ្សាវិវាទជាឯកសារទន់(Soft Copy ឯកសារស្កេន) មកកាន់ប្រព័ន្ធ Telegram របស់ន.អ.ប តាមរយៈលេខទូរសព្ទ០៧៨ ២៦៦ ២៦៨/ ០៧៧ ៧៤៩ ៩៥៨។
ន.អ.ប ទទួលពាក្យស្នើសុំផ្សះផ្សា និងដោះស្រាយវិវាទតាមប្រព័ន្ធអេឡិចត្រូនិចពីថ្ងៃជូនដំណឹងនេះតទៅ រហូតមានការជូនដំណឹងជាថ្មី៕