(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់តំណែង ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងក្រុមប្រឹក្សាធម្មនុញ្ញ បានចូលដល់ព្រឹទ្ធសភាហើយ។ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ គណៈកម្មការជំនាញព្រឹទ្ធសភា បានចាប់ផ្តើមពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់នេះ។

ការប្រជុំពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ បានដឹកនាំដោយ លោក អាយ ខន ប្រធានស្តីទីគណៈកម្មការទី៦ នៃព្រឹទ្ធសភា។

ក្រៅពីសេចក្តីព្រាងច្បាប់នេះ គណៈកម្មការទី៦ ក៏បានពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់មួយទៀត នោះគឺ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាលនិងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញផងដែរ។

សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងហើយ ដោយ១១១សំឡេង លើ១១១សំឡេង ក្នុងកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្រោមសំឡេងគាំទ្រ១១១/១១១សំឡេង។

ក្នុងការកែប្រែលើកនេះ ច្បាប់កំពូលរបស់ជាតិ ត្រូវបានរៀបចំធ្វើវិសោធនកម្ម ត្រង់ចំណុច មាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអ្នកផ្តួចផ្តើមក្នុងការរៀបចំបង្កើតច្បាប់នេះ បានគូសបញ្ជាក់ថា មានហេតុផលសំខាន់ពីរដែលនាំឱ្យសម្តេចសម្រេចស្នើធ្វើសេចក្តីព្រាងច្បាប់ និងធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយចំពោះមេដឹកនាំកំពូលស្ថាប័នរបស់ជាតិ។ ហេតុផលនោះ គឺដើម្បីបញ្ជាក់ថា សម្តេចមានសញ្ជាតិមួយ ឬពីរដូចការចោទក្រុមឧទ្ទាមក្រៅច្បាប់ និងមួយទៀត ដើម្បីបញ្ចៀសការជ្រៀតជ្រែករបស់បរទេសលើកិច្ចការជាតិ ក៏ដូចជាបង្ហាញនូវភក្តីភាពសម្រាប់ជាតិរបស់មេដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិផងដែរ។

បើតាមសម្តេចតេជោ ហ៊ុន សែន ការតាក់តែងសេចក្តីព្រាងច្បាប់ធម្មនុញ្ញដើម្បីកំណត់សញ្ជាតិនេះ ក៏ដើម្បីផលប្រយោជន៍រយៈពេលវែងរបស់ជាតិកម្ពុជា គឺការបញ្ចៀសនូវការជ្រៀតជ្រែងពីបរទេស ក៏ដូចជាបញ្ជាក់ពីភក្តីភាពរបស់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិទាំង៤នេះ ចំពោះជាតិមាតុភូមិផងដែរ៕