(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ថានភាពទឹកជំនន់នៅតាមដងស្ទឹងព្រែកត្នោត នៅរសៀលថ្ងៃទី២៦ ខែតុលានេះ មានលក្ខណៈនៅទ្រឹង ហើយឈានទៅដល់ការស្រកចុះបណ្តើរៗ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងធនធនទឹក អាជ្ញាធរទន្លេសាប និងកងអង្គរក្សសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបន្តទប់ទំនប់ដើម្បីធ្វើយ៉ាងណាកុំឲ្យបាក់ទំនប់ បង្កគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះ។

ការបញ្ជាក់របស់លោក ឃួង ស្រេង បានធ្វើឡើងខណៈដែលលោកដឹកនាំអាជ្ញាធរកម្លាំងមានសមត្ថកិច្ចទប់ទំនប់ការពារទឹកជំនន់ តាំងពីព្រឹករហូតមកដល់ល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា «គិតមកដល់រសៀលថ្ងៃនេះ គឺស្ថានភាពទឹកនៅកំពង់ស្ពឺ បានស្រកចុះចំនួន២ហ៊ុនហើយ ដោយឡែកសម្រាប់នៅរាជធានីភ្នំពេញយើងវិញ ស្ថានភាពទឹកមានស្ថានភាពនៅនឹង។ ប៉ុន្តែបើទោះបីជាយ៉ាងក្តី ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ នៅតែសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀតមានទាំងក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប ក៏ដូចជាកងអង្គរក្សរបស់សម្ដេចតេជោ ហ៊ុន សែន នៅតែបន្តទប់ទំនប់នេះ ដើម្បីការពារ ការបាក់នាំឲ្យមានគ្រោះមហន្តរាយដល់បងប្អូនប្រជាពលរដ្ឋ»

ពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់នេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ទល់ជាមួយនឹងស្ថានភាពទឹក ដែលបានហក់ឡើងឡើងនេះជាង ១សប្តាហ៍មកហើយ ដោយត្រៀមធ្វើការបញ្ជូនកុមារៗ នឹងចាស់ជរាទៅកាន់ទីទួលសុវត្ថិភាព ដើម្បីការពារអាយុជីវិតពួកគាត់អោយបានគង់វង់ ទៅតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕