(ភ្នំពេញ)៖ មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានចុះប្រតិបត្តិការត្រួតពិនិត្យគុណភាពអាល់កុល នៅទីតាំងមួយកន្លែង ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញ បានធ្វើការស្រាវវជ្រាវរកឃើញថា ទីតាំងនេះមានស្តុកទុក ដើម្បីចែកចាយលក់អាល់កុល នៅតាមបណ្តាទីផ្សារ នៅទូទាំងប្រទេស។

បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន១៥៧ប៊ីដុង ស្មើនឹង៤,៧១០លីត្រ នៅទីតាំងផ្ទះមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់មក មន្រ្តីជំនាញបានធ្វើការស៊ើបបន្តអង្កេត និងបានកំណត់ទីតាំងឃ្លាំងស្តុកអាល់កុលមួយកន្លែងទៀត ហើយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយទទួលបាន ការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានការចូលរួមពីមន្រ្តីនគរបានប្រឆាំបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងសង្កាត់ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែង ស្ថិតនៅក្នងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានរកឃើញ អាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន៣៧៥ប៊ីដុង ស្មើនឹង១១,២៥០លីត្រ។

លទ្ធផលសរុបក្នុងប្រតិបត្តិការបង្ក្រាបទាំង២ថ្ងៃនេះ មន្រ្តីជំនាញ បានរកឃើញ និងរឹបអូសអាល់កុលក្លែងក្លាយចំនួន ១៥,៩៦០លីត្រ ដើម្បីអនុវត្តនីតិវិធីបន្ត៕