(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ (AHF) បានថ្លែងបញ្ជាក់ថា លុះត្រាតែមេដឹកនាំប្រទេសអ្នកមាន (G20) ប្តេជ្ញាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ឲ្យមានការចាក់វ៉ាក់សាំងទូទាំងពិភពលោក ទើបអាចបញ្ចប់ការាតត្បាតជំងឺកូវីដ១៩ កុំឱ្យមានការបំផ្លាញប្រព័ន្ធសុខភាពរបស់មនុស្ស និងសេដ្ឋកិច្ចទូទាំងពិភពលោក។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានថ្លែងបញ្ជាក់ដូចនេះ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំការធ្វើយុទ្ធនាការទទូចអំពាវនាវ ដល់បណ្តាប្រទេសអ្នកមាន នៅទូទាំងពិភពលោក (G20) បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជួយដល់បណ្តាប្រទេសក្រីក្រីខណៈពេលបច្ចុប្បន្ននេះ នៅមិនទាន់ទទួលបានវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋបានច្រើននៅឡើយទេ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានបន្តថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF ទូទាំងប្រទេស រួមទាំងប្រទេសកម្ពុជា តាមរយៈយុទ្ធនាការ ទាមទារឲ្យមានការចាក់វ៉ាក់សាំងទូទាំងពិភពលោក Vaccinate Our World ហៅកាត់ថា VOW នៅកម្ពុជា នៅតែបន្តអំពាវនាវដល់បណ្តាប្រទេសអ្នកមាន នៅទូទាំងពិភពលោក (G20) បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជួយដល់បណ្តាប្រទេសក្រីក្រ ឱ្យទទួលបានវ៉ាក់សាំងចាក់វ៉ាក់សាំងគ្រប់គ្នា ដើម្បីកាត់បន្ថយអត្រានៃការស្លាប់ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា យុទ្ធនាការអំពាវនាវដល់បណ្តាប្រទេសអ្នកមាន នៅទូទាំងពិភពលោក( G20 ) បន្តផ្តល់វ៉ាក់សាំងនេះ ត្រូវបានអង្គការ AHF ទូទាំងពិភពលោក មានចំនួន៤២ ប្រទេស បានធ្វើឡើងដូចៗគ្នា ដើម្បីទាមទារឱ្យប្រទេសអ្នកមានត្រូវតែប្តេជ្ញាចិត្ត ចំពោះ សកម្មភាពពិតប្រាកដ នៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ ដើម្បីធានាថាគ្រប់ប្រទេសមិនថាទីតាំងភូមិសាស្ត្រ ឬស្ថានភាពសេដ្ឋកិច្ច យ៉ាងណានោះទេ គឺត្រូវត មានវ៉ាក់សាំងដើម្បីការពារប្រជាពលរដ្ឋនិងបញ្ចប់ការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩នេះ៕