(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយថ្នាក់ដឹកនាំដែលជាប្រធានមុខព្រួញរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ អាជ្ញាធរមូលដ្ឋាន និងក្រុមមន្រ្តីបច្ចេកទេសក្រសួង បានកំពុងបន្តពិនិត្យស្ថានភាពទឹក និងដឹកនាំបញ្ជាការងារអន្តរាគមន៍ជួសជុលរូងនាគ និងពង្រឹងលើកកម្ពស់តួទំនប់នៅតាមបណ្តោយសណ្តស្ទឹងព្រែកត្នោត ដែលបានកំពុងយាយីដោយ ទឹកជំនន់ទឹកភ្លៀងពីផ្ទៃរងផ្នែកខាងលើ ព្រមទាំងដាក់ផែនការបន្ថែម ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់ គ្រោះថ្នាក់ផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តប្រឈមនេះ។

កាលពីម្សិលមិញក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ៣៦គ្រឿង បាវខ្សាច់ធំ-តូច សំណាញ់ថ្ម និងកម្លាំងអន្តរាគមន៍ប្រចាំនៅតាមទំនប់សណ្តរស្ទឹងព្រែកត្នោត ដើម្បីការពារហានិភ័យពីជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ពោលគឺប្រចាំការ២៤ម៉ោងលើ២៤ម៉ោងតែម្ដង។

សកម្មភាពកន្លងមក ក្រសួងធនធានទឹក និងឧតុនិយមបានត្រៀមលក្ខណៈ និងចុះអនុវត្តការងារអន្តរាគមន៍ចាប់តាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ មកម្ល៉េះ ដោយបានអនុវត្តការងាររួចមួយចំនួន រួមមាន៖

*នៅផ្នែកខាងលើ បានស្តារបើកមុខទឹកស្ទឹងតូចដែលជាផ្នែកមួយជួយរំដោះទឹកជំនន់បានប្រមាណ ១០០ម៉ែត្រគូបក្នុងមួយវិនាទី។
*ផ្នែកខាងក្រោម បានប្រើគ្រឿងចក្រកាយបើកមុខទឹកប្រឡាយ៩៤ ប្រឡាយ៩៦ និងស្តារព្រែកខ្សេវប្រវែង ២,៥០០ម៉ែត្រ ចេញពីប្រឡាយ៩៤ និងប្រឡាយ៩៦ ភ្ជាប់ទៅវាលបឹងរាន និងបឹងខាម៉ៅតាមព្រែកហូរទម្លាក់ទៅទន្លេបាសាក់។
*លើកពង្រឹងកម្ពស់តួទំនប់តាមបណ្តោយសណ្តរស្ទឹង ត្រង់ទំនាបជាប់ភូមិដ្ឋានប្រជាពលរដ្ឋ មកដល់ពេលនេះ ស្ថិតក្នុងស្ថានភាពកំពុងប្រឈម និងស្ថិតក្នុងការប្រុងប្រយ័ត្ននៅឡើយ។

យ៉ាងណាក៏ដោយគិតត្រឹមល្ងាចនេះ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ស្ថានភាពទឹកជំនន់នៅតាមដងស្ទឹងព្រែកត្នោត មានលក្ខណៈនៅទ្រឹង ហើយឈានទៅដល់ការស្រកចុះបណ្តើរៗ។ ពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់នេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ទល់ជាមួយនឹងស្ថានភាពទឹក ដែលបានហក់ឡើងឡើងនេះជាង ១សប្តាហ៍មកហើយ ដោយត្រៀមធ្វើការបញ្ជូនកុមារៗ នឹងចាស់ជរាទៅកាន់ទីទួលសុវត្ថិភាព ដើម្បីការពារអាយុជីវិតពួកគាត់អោយបានគង់វង់ ទៅតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕