(ភ្នំពេញ)៖ លោក ប៉ាវ សុខ សមាជិកក្រុមប្រឹក្សាខណ្ឌទួលគោក ព្រមទាំងក្រុមគ្រួសារ ដែលមានជំងឺកូវីដ១៩ ហើយកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន បានទទួលស្បៀងអាហារដ៏ថ្លៃថ្លា និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដោះស្រាយក្នុងជីវភាពមួយគ្រា។ អំណោយទាំងនេះ ត្រូវបានក្រុមការងាររដ្ឋបាលខណ្ឌរបស់លោក ជា ពិសី អភិបាលខណ្ឌ នាំយកទៅប្រគល់ជូនដល់គេហដ្ឋាន។

ក្នុងឱកាសប្រគល់ និងទទួលអំណោយសមធម៌នេះ, ក្រុមការងាររដ្ឋបាលខណ្ឌ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ជា ពិសី ដល់លោក ប៉ាវ សុខ ឱ្យខិតខំថែទាំសុខភាពឱ្យបានល្អប្រសើរ និងសូមជូនពរឱ្យឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ និងឆាប់បានចូលបម្រើការងារដូចដើមវិញ។ ក្រុមគ្រួសារសមាជិកក្រុមប្រឹក្សាខណ្ឌ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរផងដែរ ចំពោះលោកអភិបាលខណ្ឌទួលគោក និងក្រុមការងាររដ្ឋបាលខណ្ឌ។

សូមជម្រាបថា សម្រាប់អំណោយជាស្បៀងអាហាររបស់សម្ដេចតេជោ ហ៊ុន សែន រួមមាន៖ អង្ករ២បាវ ៥០គីឡូក្រាម, មី១កេសតូច, ត្រីខ ០១យួរ, ទឹកត្រី០១យួរ, ទឹកសុីអុីវ ០១យួរ, និងក្រូចពោសាត់០១ឡូ បន្ទាប់ពីទទួលបានការឧបត្ថម្ភថវិកា ចំនួន៥០០,០០០រៀល របស់លោក ជា ពិសី, ថវិកា១០០,០០០រៀល របស់លោកស្រី ញ៉ែម មុំ, ថវិកា១០០,០០០រៀល របស់លោក ឯក យឿន, និងថវិកា១០០,០០០ទៀត របស់អនុសាខាសមាគមនារីខណ្ឌ ដោយសរុប ៨០០,០០០រៀល (ប៉ែតសឹបម៉ឺនរៀល)៕