(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនអាវុធជាតិផ្ទុះ និងអគ្គិភ័យ និងលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅបន្តសម្រាប់ខែវិចិ្ឆកា។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកនាយរងការិយាល័យ និងប្រធានគោលដៅទាំងអស់ចំណុះការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។

នៅក្នុងកិច្ចប្រជុំនេះលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានថ្លែងថា លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងកោតសរសើរដល់កងកម្លាំងពន្លត់អគ្គិភ័យទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាមិនថាយប់ថ្ងៃនោះឡើយ។

លោកឧត្តមសេនីយ៍ទោ បានបន្តថា មន្ត្រីពន្លត់អគ្គិភ័យទាំងអស់ត្រូវតែបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងត្រូវចេះប្រើពាក្យសំដីសមរម្យដាក់ប្រជាពលរដ្ឋ មិនត្រូវប្រើប្រាស់សំដីមិនគប្បីដាក់ប្រជាពលរដ្ឋ ក្នុងការចុះប្រតិបត្តិការជួយសង្គ្រោះនោះឡើយ។

លោកឧត្តមសេនីយ៍ទោ ក៏បានក្រើនរំលឹកដល់លោកនាយការិយាល័យ នាយរងការិយាល័យ និងប្រធានគោលដៅទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការចុះប្រតិបត្តិការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ នៅពេលដែលមានគ្រោះអគ្គិភ័យកើតឡើង។

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានផ្ដាំផ្ញើដល់លោកនាយការិយាល័យ នាយរងការិយាល័យ និងប្រធានគោលដៅទាំងអស់ ត្រូវតែបម្រើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រមិនត្រូវប្រើពាក្យសម្ដីមិនសមរម្យ ឬគប្បីលើប្រជាពលរដ្ឋនោះឡើយ ដើម្បីបំពេញតួនាទីជាមន្ត្រីពន្លត់អគ្គិភ័យម្នាក់ដ៏ល្អ។

នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅបន្តសម្រាប់ខែវិចិ្ឆកា លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានថ្លែងប្រាប់ថា កម្លាំងជំនាញពន្លត់អគ្គិភ័យ ត្រូវតែអនុវត្តការងារឲ្យបានល្អ ជាពិសេសទៅទៀតនោះ គឺកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យរបស់យើងជាគំរូសម្រាប់តាមបណ្តារាជធានីខេត្ត ដែលត្រូវបានអនុវត្តតាម។

ក្នុងនោះលោកឧត្តមសេនីយ៍ទោ ក៏បានចាត់ឱ្យលោកនាយការិយាល័យ-នាយរងការិយាល័យ និងប្រធានគោលដៅបែងចែកឲ្យមន្ត្រីជំនាញទាំងអស់ត្រូវរៀនបំពាក់បំពង់ខ្យល់អុកស៊ីសែនដែលហៅថា SCVA ក្នុងប្រតិបត្តិការជួយសង្គ្រោះនៅពេលដែលមានហេតុការណ៍ចាំបាច់បំផុត។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោបានផ្ដាំផ្ញើដល់មន្ត្រីជំនាញទាំងអស់ នៅពេលដែលចុះប្រតិបត្តិការពន្លត់អគ្គិភ័យ ត្រូវតែពាក់ម៉ាស់ការពារឲ្យបានត្រឹមត្រូវ ជាពិសេសនៅពេលប្រតិបត្តិការរួចរាល់ ត្រូវនាំគ្នាបាញ់អាកុលសម្អាតខ្លួន ជានិច្ចផងដែរ ហើយត្រូវតែបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល គឺ «៣កុំ និង៣ការពារ» ទាំងអស់គ្នាដើម្បីរួចផុតពីជំងឺដ៏កាចសាហាវកូវីដ១៩៕