(បាត់ដំបង)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក សុខ លូ ខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួប និងសម្តែងការគួរសមពីលោក ជា សុធន ប្រធានសាខាធនាគារជាតិ នៃកម្ពុជាខេត្តបាត់ដំបង ព្រមទាំងលោកនាយក នាយិកា សាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ វិស័យឯកជន ក្នុងភូមិសាស្រ្ដខេត្ត ដើម្បីណែនាំ និងពិភាក្សាការងារមួយចំនួន។

ក្នុងឱនោះ លោក សុខ លូ បានចាត់ទុកថា វិស័យឯកជន ជាវិស័យមួយដែលមានសារៈសំខាន់ខ្លាំងណាស់មិនអាចខ្វះបាន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេស គឺវិស័យធនាគារដែលបានចូលរួមជួយ ក្នុងការស្ដារលទ្ធភាពសេដ្ឋកិច្ចប្រទេសឲ្យកាន់តែរីកចម្រើន។

លោកបានថា កត្តាដែលធ្វើឲ្យវិស័យឯកជន ជាពិសេសវិស័យធនាគារនេះមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺដោយសារតែលំនឹងនៃសេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជាស្ថិរភាពនយោបាយរបស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែងរក្សានូវសុខសន្ដិភាព និងស្ថិរភាពនយោបាយ ដើម្បីជាធ្នាក់មួយសម្រាប់វិនិយោគិន ធ្វើការវិនិយោគលើប្រទេសកម្ពុជាកាន់តច្រើនឡើង។

លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តរីករាយសហការជាប់ជានិច្ចជាមួយបណ្ដាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ដែលមានវត្តមាននៅក្នុងខេត្តបាត់ដំបង ដើម្បីឲ្យដំណើរ
ការធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុនានា ប្រកបដោយរលូន និងចូលរួមចំណែកក្នុងការអភិវឌ្ឍរីកចម្រើនក្នុងខេត្តបាត់ដំបងបន្តទៅទៀត៕