(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដារសង្កាត់ទាំង៥ ឱ្យទៅទទួលវ៉ាក់សាំង ដូសទី៣ ឬដូសជំរុញ នៅតាមទីតាំងចំនួន៤កន្លែង ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្រោយពីប្រជាពលរដ្ឋ បានធានានូវគម្លាតរយៈពេល៤ខែ គិតចាប់ពីកាលបរិឆ្ឆេទ នៃការចាក់វ៉ាក់សាំងដូសទី២ រួចរាល់ហើយ។

ក្នុងសេចក្ដីជូនដំណឹងរបស់លោក សុខ សម្បត្តិ បញ្ជាក់ថា សម្រាប់ទីតាំងចំនួន៤មណ្ឌល ដែលប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ទាំង៥ ត្រូវអញ្ជើញទៅទទួលវ៉ាក់សាំង ដូសទី៣ ឫដូសជំរុញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ រួមមាន៖ មន្ទីរពេទ្យបង្អែកព្រែកព្នៅ, មណ្ឌលសុខភាពសំរោង, មណ្ឌលសុខភាពពញាពន់ និងមណ្ឌលសុខភាពគោករកា ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួន ដូចជា ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩, អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ និងតាមលិខិតអញ្ជើញរបស់អាជ្ញាធរ។

លោក សុខ សម្បត្តិ បង្ហាញទៀតថា ការជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទាំង៥ នៃរដ្ឋបាលខណ្ឌព្រែកព្នៅ ឱ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះគឺក្នុងគោលដៅដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ និងការចម្លងទៅកាន់គ្រួសារខ្លួនយើង និងចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ពិសេសវីរូសបំប្លែងថ្មីប្រភេទ (Delta) ក្រោមការយកចិត្តទុកដាក់ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លិះ និងវិធានការប្រកបដោយប្រសិទ្ធភាព និងការខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩៕