(ភ្នំពេញ)៖ សម្ភារបច្ចេកទេសសម្រាប់ចម្លងប្រព័ន្ធរូបភាពវីដេអូ ពីអានណាឡូក ទៅឌីជីថល ជាម៉ាស៊ីនប្រភេទចាក់កាសែត VHS B TA Cam និង DV Cam ជាអំណោយរបស់រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវនាំទៅប្រគល់ជូនអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

ពិធីប្រគល់ និងទទួលសម្ភារបច្ចេកទេសនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក វ៉ាង វិនធាន (WANG WENTIAN) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្តែងនូវការអរគុណចំពោះរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវ សម្ភារៈបច្ចេកទេស សម្រាប់ការងារផ្សព្វផ្សាយដល់ទូរទស្សន៍ជាតិកម្ពុជា ដែលទាំងនេះបញ្ជាក់ថា ភាគីមិត្តចិន ជានិច្ចកាលតែងតែឈរនៅខាងកម្ពុជា ក្នុងការគាំទ្រទាំងផ្នែក ឧបករណ៍សម្ភារបច្ចេកទេស និងការងារបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញរបស់ក្រសួងព័ត៌មានកម្ពុជា ទៅកាន់ប្រទេសចិនផងដែរ។

នាឱកាសនោះដែរ លោក វ៉ាង វិនធាន បានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហការគ្នារវាងចិន និងកម្ពុជា មានតាំងពីយូរណាស់មកហើយដែលជាចំណងនៃកិច្ចសហប្រតិបត្តិការយ៉ាងជ្រាលជ្រៅជាចំណងមិត្តភាព ជាចំណងបងប្អូនយ៉ាងរឹងមាំ លើគ្រប់វិស័យ។

ឯកអគ្គរដ្ឋទូតចិនបានសម្តែងងនូវការស្វាគមន៏យ៉ាងជ្រាលជ្រៅចំពោះរាល់កិច្ចសហប្រតិបត្តិការតាមរយៈស្ថានទូតចិនប្រចាំកម្ពុជា សម្រាប់គម្រោងនៃដំណើរការនៃកិច្ចអភិវឌ្ឍន៍របស់ក្រសួងព័ត៌មានកម្ពុជា នៅក្នុងកម្រិតណាមួយដែលស្ថានទូតចិន អាចចូលរួមក្នុង កិច្ចសហប្រតិបត្តិការបាន។

បន្ថែមពីនេះ លោក វ៉ាង វិនធាន បានកោតសរសើរចំពោះលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ លើទស្សនៈក្នុងវិស័យសារព័ត៌មាន ទស្សនៈ អំពីស្ថានការណ៍ទូទៅទាំងនៅកម្ពុជា និងអន្តរជាតិជាពិសេសតែងតែបានឆ្លើយបំភ្លឺទៅលើមតិសាធារណជន ចំពោះបញ្ហាការបំភៃ្ល បំភ្លើស និងការប្រឆាំងនានា ពីស្ថាប័នព័ត៌មាន ដើម្បីពន្យល់ដល់សាធារណជនអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងចិន និងកម្ពុជា។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សង្ឃឹមជឿជាក់ថា នៅពេលបញ្ចប់នូវស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នឹងមានរៀបចំការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈដំណើរទស្សនកិច្ចសិក្សា ដកពិសោធន៍ និងសិក្ខាសាលានានា ដល់មន្រ្តីព័ត៌មានក្រសួងព័ត៌មាន និងមន្រ្តីកម្ពុជា។ ក៏ប៉ុន្តែស្ថិតក្នុងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយតែប្រទេសចិន បានផ្តល់ការសិក្សាតាមប្រព័ន្ធអនឡាញដែលកំពុងធ្វើនាពេលបច្ចុប្បន្ន។

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សម្ភារទាំងនេះទោះបីបន្តិចបន្ទូចក៏ពិតមែនតែប្រៀបបានដំណើរមួយនៅកណ្តាលសមុទ្រ ដែលអ្នកដំណើរត្រូវការទឹកសាប ហើយសម្រាប់សម្ភារទាំងនេះជាទឹកសាបសម្រាប់តម្រូវការរបស់ទូរទស្សន៍ជាតិកម្ពុជាយកមកប្រើប្រាស់។

សម្ភារបរិក្ខាបច្ចេកទេស អេឡិកត្រូនិចនេះជាការផ្ទេរ ឬចម្លង រូបភាពវីដេអូ ដែលបានប្រើប្រាស់កន្លងមក ហើយបានត្រូវរក្សាទុកនៅឃ្លាំងឯកសារទូរទស្សន៍ជាតិកម្ពុជាតាំងពីយូរមកជាប្រភេទប្រព័ន្ធចាស់ៗ មានន័យថាធ្វើការចម្លងរូបភាពពី Analog ទៅជារូបភាពប្រភេទ Digital វិញ ដែលស្រួលក្នុងការយកប្រើប្រាស់ និងរក្សាទុកបានយូរអង្វែងរាល់ឯកសារដែលបានចម្លងចេញមកនេះ៕