(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២៤ ដែលជាកិច្ចប្រជុំរវាងមេដឹកនាំប្រទេសអាស៊ាន និងមេដឹកនាំប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង, នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) និងប្រធានាធិបតីសាធាណរដ្ឋកូរ៉េ លោក ម៉ូន ចែអ៉ីន ព្រមទាំងមេដឹកនាំប្រទេសអាស៊ានដទៃទៀត លើកលែងតែប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ មិនមានតំណាងចូលរួមនោះឡើយ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ានបូកបី បានអនុម័តទៅលើឯកសារមួយ គឺសេចក្ដីប្រកាសរួមរបស់មេដឹកនាំអាស៊ានបូក៣ ស្ដីពីកិច្ចសហប្រតិបត្តិការលើសុខភាពផ្លូវចិត្តយុវជន និងកុមារ។ មេដឹកនាំអាស៊ានបូក៣ បានអនុម័តលើឯកសារមួយផងដែរ គឺរបាយការណ៍វឌ្ឍនភាពលើកទី៤ ស្ដីពីអនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូក៣ ឆ្នាំ២០១៨-២០២២។

មេដឹកនាំអាស៊ានបូក៣ បានធ្វើការកត់សម្គាល់ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន បូក៣ ដែលចាប់ផ្ដើមតាំងពីឆ្នាំ១៩៩៧ ដែលពេលនោះមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ីនេះ។ ចាប់តាំងពីនោះមក មេដឹកនាំអាស៊ាន បូក៣ មានកិច្ចប្រជុំរាល់ឆ្នាំ អាចចាត់ទុកថា ជាយន្តការមួយដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ានេះផងដែរ។

នៅក្នុងកិច្ចប្រជុំនេះមេដឹកនាំអាស៊ានបូក៣ បានគូសបញ្ជាក់អំពីការងារដែលបានធ្វើរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។ ក្នុងនោះប្រទេសបូក៣ ក៏បានយកចិត្តទុកដាក់ជួយដល់ប្រទេសអាស៊ាន ជាពិសេសជួយលើវិស័យសុខភាពសាធារណៈ ដែលជាការងារសំខាន់។

លើសពីនេះទៀតប្រមុខរដ្ឋាភិបាលប្រទេសអាស៊ានបូក៣ បានគូសបញ្ជាក់អំពីសារសំខាន់ នៃការបន្តធ្វើការរួមគ្នា ដោយប្រើប្រាស់យន្តការនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងអស់។ ប្រមុខរដ្ឋាភិបាលអាស៊ានបូក៣ បានលើកពីយន្តការដែលមានស្រាប់ ជាពិសេសពាក់ព័ន្ធសន្តិសុខស្បៀង សន្តិសុខស្បៀងបម្រុង និងការតភ្ជាប់ ជាពិសេស គឺនៅក្នុងក្របខ័ណ្ឌអាស៊ាន ដែលមានផែនការមេនៃការតភ្ជាប់ឆ្នាំ២០២៥, ហើយក៏មានចក្ខុវិស័យក្នុងការកសាងសហគមន៍ មិនមិនត្រឹមតែអាស៊ាន គឺកសាងសហគមន៍អាស៊ានបូក៣តែម្តងនេះ។

ប្រមុខរដ្ឋាភិបាលអាស៊ាន បូក៣ ក៏បានគូសបញ្ជាក់អំពីផែនការការងារ និងកិច្ចសហប្រតិបត្តិការអាស៊ានបូក៣ នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំនេះ ហើយនឹងត្រូវធ្វើនៅក្នុងឆ្នាំក្រោយ ហើយនិងការជំរុញធ្វើផែនការការងារ នៃអាស៊ានបូកមួយថ្មីសម្រាប់ ឆ្នាំ២០២៣-២០២៧ ហើយដែលត្រូវអនុម័តនៅឆ្នាំ២០២២ ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។

ក្រៅពីនេះប្រមុខរដ្ឋាភិបាលអាស៊ានបូក៣ ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដែលត្រូវបន្តទៀត គឺការស្ដាសេដ្ឋកិច្ច ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច។ ការជំរុញជាពិសេសក្របខណ្ឌភាពជាដៃគូ សេដ្ឋកិច្ចក្នុងតំបន់គ្រប់ជ្រុងជ្រោយ ដែលត្រូវជំរុញធ្វើយ៉ាងណាឲ្យបានផ្ដល់សច្ចាប័ន ពីប្រទេសអាស៊ានបូកបី ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន នៅដើមឆ្នាំ២០២២ខាងមុខនេះ។

ប្រមុខរដ្ឋាភិបាលអាស៊ាន បានស្នើសុំឱ្យប្រទេសបូកបី បន្តគាំទ្រនូវយន្តការដែលមាន ជាពិសេសក្របខណ្ឌការធ្វើដំណើរ និងការបង្កើតយន្តការថ្មីសម្រាប់សុខភាពសាធារណៈក្នុងក្របខណ្ឌអាស៊ាននេះ។ លើសពីនេះទៀត ប្រមុខរដ្ឋាភិបាលអាស៊ានបូកបី ក៏បានពិភាក្សាអំពីសភាពការណ៍ក្នុងតំបន់ ជាពិសេសសភាពការណ៍នៅឧបទ្វីបកូរ៉េ និងនៅមីយ៉ាន់ម៉ាជាដើម៕