(ភ្នំពេញ)៖ កម្ពុជា និងវៀតណាម បានឯកភាពក្នុងការរៀបចំកិច្ចប្រជុំលើកទី១២ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន ដែលគ្រោងធ្វើឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ២០២២។ កាលបរិច្ឆេទ និងទីកន្លែងប្រជុំជាក់ស្ដែង នឹងត្រូវជូនដំណឹងតាមរយៈផ្លូវទូត។ នេះបើតាមទំព័រ Facebook ផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង។

ការឯកភាពគ្នាបែបនេះ គឺបានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ជាមួយលោក ផាម ប៊ីញមីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ។

កិច្ចប្រជុំនេះ បានធ្វើឡើងដោយអនុវត្តតាមស្មារតីកិច្ចប្រជុំលើកទី១០ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម កាលពីថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ កិច្ចប្រជុំលើកទី១១នេះ ក៏បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួន នៃប្រទេសទាំងពីរ និងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។

តាមរយៈកិច្ចប្រជុំនេះដែរ ភាគីទាំងពីរ បានពិភាក្សាអំពីរបៀបវារៈសំខាន់ៗ ដូចជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស និងរវាងខេត្តជាប់ព្រំដែន តាមរយៈការរៀបចំឱ្យមានជំនួបប្រាស្រ័យ សន្ទនាតាមទូរស័ព្ទ ពិគ្រោះពិភាក្សាតាមប្រព័ន្ធវីដេអូ ដោយបានលើកទឹកចិត្តបង្កើនការវិនិយោគ បន្តឧបត្ថម្ភគាំទ្រដល់បណ្ដាខេត្តជាប់ព្រំដែន និងបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត សំដៅដោះស្រាយឱ្យបានទាន់ពេលវេលានូវបញ្ហាប្រឈម និងសំណូមពរចាំបាច់ជាក់ស្ដែងនានា។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការពារជាតិ ដើម្បីថែរក្សាឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ។ ជាមួយគ្នានេះភាគីទាំង២ ក៏បានអបអរសាទរការប្រារព្ធ ពិធីសម្ពោធដាក់ឱ្យដំណើរការជាបណ្ដោះអាសន្នច្រកទ្វារព្រំដែន អន្តរជាតិម៉ឺនជ័យ-តឺនណាម ក្នុងកម្រិតថ្នាក់ខេត្តរវាងខេត្តព្រៃវែង និងខេត្តតៃនីញ និងបានឯកភាពរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ច្រកទ្វារអន្តរជាតិនេះជាមួយនឹងបណ្តា តំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចនៅប្រទេសនីមួយៗ។

ភាគីទាំងពីរ បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ព្រំដែន ការទិញលក់អគ្គិសនី ការប្រើប្រាស់ទឹក និងការផ្ដល់សេវាសុខាភិបាល។ ភាគីទាំងពីរ ក៏ឯកភាពដំណើរការ អនុវត្តឱ្យមានប្រសិទ្ធភាព «កិច្ចព្រមព្រៀងស្ដីពីវិស័យចត្តាឡីស័កសុខាភិបាល ព្រំដែន» ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០៦ និងបន្តជំរុញរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម អនុវត្តឱ្យបានម៉ឺងម៉ាត់ទៅតាមវិធានការ របស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនានា ចូលទៅក្នុងសហគមន៍ភាគីម្ខាងទៀត។

ភាគីទាំងពីរបានអបអរសាទរពិធីផ្លាស់ប្តូរលិខិតូបករណ៍សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ និងពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក ហើយបានស្វាគមន៍ចំពោះពិធីផ្លាស់ប្ដូរ ផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាមខ្នាត១/២៥.០០០ រវាងគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ ព្រមទាំងលើកទឹកចិត្តឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែន នៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ និងធ្វើការពិភាក្សាគ្នាឱ្យបានសកម្ម ដើម្បីស្វែងរកដំណោះស្រាយអាចទទួលយកបានចំពោះខ្សែបន្ទាត់ព្រំដែននៅសេសសល់ប្រមាណ១៦%។

ភាគីទាំងពីរ លើកទឹកចិត្តឱ្យបណ្តាខេត្តជាប់ព្រំដែនឱ្យបន្តកិច្ចសហប្រតិបត្តិការលើវិស័យនានាជាអាទិ៍ វិស័យអប់រំ វប្បធម៌ កីឡា យុត្តិធម៌ ឧស្សាហកម្ម បច្ចេកវិទ្យា នវានុវត្តន៍ បណ្តុះបណ្តាលធនធានមនុស្ស បណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មាន ប្រៃសណីយ៍ ទូរគមនាគមន៍ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយអំពី សក្តានុពលទេសចរណ៍ ផលិតផលទេសចរណ៍ និងជំរុញសកម្មភាពទេសចរណ៍និងកីឡា និងបន្តជួយឧបត្ថម្ភ គ្នាទៅវិញទៅមករវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ឱ្យបានកាន់តែជិតស្និទ្ធថែមទៀត។

សម្តេចក្រឡាហោម ស ខេង និងលោក ផាម ប៊ីញមីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានវាយតម្លៃ ខ្ពស់លើលទ្ធផលការងារដែលសម្រេចបានចាប់ពីកិច្ចប្រជុំលើកទី១០ រហូតមកដល់បច្ចុប្បន្ននេះ៕