(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានស្នើសុំក្រុមការងារដោះស្រាយទំនាស់ទាំង៨ក្រុម យកចិត្តទុកដាក់ចុះទៅដោះស្រាយទំនាស់ តាមតួនាទីបច្ចេកទេស និងបទពិសោធន៍ ឲ្យទទួលបានជោគជ័យ និងរួមគ្នាបញ្ចប់ទំនាស់មូលដ្ឋាន ដើម្បីប្រជាពលរដ្ឋរស់នៅដោយសន្តិភាព មានសេចក្តីសុខ និងទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ស្របតាមគោលនយោបាយ ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

លោកអភិបាលខេត្ត ថ្លែងបែបនេះក្នុងពិធីប្រជុំប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារដោះស្រាយទំនាស់ និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមបណ្ដាលខេត្ដក្រុងស្រុកក្នុងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួម ពី លោក លោកស្រីអភិបាលរងខេត្ត និងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

លោក ស៊ុន សុវណ្ណរិទ្ធិ បានជម្រាបឲ្យដឹងថា យោងតាមរបាយការណ៍របស់ក្រុងស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំង ចំពោះរឿងទំនាស់ និងសំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងខេត្តនោះ សរុបមានចំនួន៧១៦ករណី។ លោកបានបន្តថា ក្នុងនោះបានដោះស្រាយចប់ចំនួន ៣៦៣ករណី និងកំពុងដោះស្រាយមានចំនួន១៨៧ករណី និងមិនទាន់ដោះស្រាយមានចំនួន១៦៨ករណី។

លោកអភិបាលខេត្ត បានស្នើសុំឱ្យក្រុមការងារដោះស្រាយទំនាស់ទាំង៨ក្រុមក្នុងពេលទទួលបានសេចក្តីសម្រេចនេះ ត្រូវចុះទៅដល់មូលដ្ឋានឃុំស្រុកព្រមៗគ្នា និងទាំងអស់គ្នា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ រហូតដល់បំណាច់ខែវិច្ឆិកា។ ដោយឡែកនៅក្នុងមួយសប្តាហ៍ត្រូវធ្វើរបាយការណ៍បូកសរុបលទ្ធផលនៃការដោះស្រាយទំនាស់ មកលេខាធិការដ្ឋានដោះស្រាយទំនាស់ថ្នាក់ខេត្តឲ្យបានទាន់ពេលវេលា។

លោកអភិបាលខេត្តសង្ឃឹមថា ក្រុមការងារដោះស្រាយទំនាស់ទាំង៨ក្រុម និងយកចិត្តទុកដាក់ចុះទៅដោះស្រាយទំនាស់ តាមតួនាទីបច្ចេកទេស និងបទពិសោធន៍ល្អៗឲ្យទទួលបានជោគជ័យ ដើម្បីរួមគ្នាបញ្ចប់ទំនាស់នៅក្នុងមូលដ្ឋាន ដើម្បីប្រជាពលរដ្ឋយើងរស់នៅដោយសន្តិភាព មានសេចក្តីសុខ ទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ស្របតាមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

នៅក្នុងឱកាសនៃពិធីប្រជុំនោះផងដែរ លោកអភិបាលរងខេត្ត៤រូប បានផ្តល់នូវបទពិសោធន៍ល្អៗមួយចំនួនក្នុងការដោះស្រាយទំនាស់នានាកន្លងមក នៅតាមបណ្ដាលស្រុក ក្រុងដើម្បី អោយក្រុមការងារទាំងអស់នៅក្នុងខេត្តមានមូលដ្ឋាន និងបទពិសោធន៍ក្នុងពេលចុះទៅដោះស្រាយទំនាស់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ នៅក្នុង ក្រុង ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងផងដែល។

លោកអភិបាលរងទាំង៤រូបខាងលើនេះ បានលើកឡើងថា ត្រូវមានចិត្តស្មោះស ហើយគ្មានការពាក់ព័ន្ធ និងគ្មានផលប្រយោជន៍នៅក្នុងទំនាស់ ទើបដោះស្រាយទំនាស់ទាំង នោះបានជោគជ័យ។ រីឯ អ្នកដោះស្រាយទំនាស់ត្រូវមានជំហរអព្យាក្រឹត យកច្បាប់ជាមូលដ្ឋាន មិនលំអៀង ហើយត្រូវដោះស្រាយទំនាស់ដោយសុភវិនិច្ឆ័យ, រក្សាការសម្ងាត់ក្នុងពេលដោះស្រាយទំនាស់, មន្ត្រីរាជការកុំកាងទំនាស់ , ត្រូវបែងចែកចំណាត់ថ្នាក់នៃទំនាស់, ទំនាស់ណាដែលឃុំស្រុកដោះស្រាយ, ទំនាស់ណាត្រូវថ្នាក់ខេត្តដោះស្រាយ និងទំនាស់ណាដែលពាក់ព័ន្ធ ចំណែកឯ ការប្ដឹងផ្ដល់ទៅតុលាការ ត្រូវទុកឱ្យស្ថាប័នតុលាការដោះស្រាយ៕