(ស្វាយរៀង)៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ ដោយសារខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យធ្លាក់ចូលទៅក្នុងម៉ាស៊ីនបំបែកជរ័ កិនខ្ទេចឆ្អឹង បានធ្វើឲ្យបង្កការភ្ញាក់ផ្អើលដល់កម្មករដូចគ្នា និងរាយការណ៍មកសមត្ថកិច្ចតែម្ដង។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៣ និង៤៥នាទីរសៀល នៅរោងចក្រម៉ាន់វ៉ា ស្ថិតក្នុងភូមិសាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ហេតុការណ៍នេះ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ ប៉ាង វ៉ាន់ដា អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិស្វាយផ្អែម ឃុំព្រៃតាអី ស្រុកស្វាយទាបខេត្ដស្វាយរៀង។

បើតាមសាក្សីបអ្នកធ្វើការជាមួយជនរងគ្រោះ បានបញ្ជាក់ថា មុនពេលកើតហេតុ ឃើញយុវជនខាងលើ បានធ្វើការងារដូចសព្វមួយដង ប៉ុន្តែមិនដឹងយ៉ាងម៉េចស្រាប់តែធ្លាក់ចូលទៅក្នុងម៉ាស៊ីនបំបែកជរ័ កិនខ្ទេចឆ្អឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែជនរងគ្រោះមានការខ្វះការប្រុងប្រយត្ន័ ធ្វេសប្រហែសបណ្ដាលឲ្យស្លាប់បែបនេះ។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងបានប្រគល់ឲ្យគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕