(ស្វាយរៀង)៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័ករណីឆក់ទូរសព្ទដៃ ពីជនរងគ្រោះមិនបានសម្រេច កាលពីវេលាម៉ោង ៦និង៤៥នាទីព្រលប់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ចំណុចសួនតាឌី ស្ថិតនៅភូមិ រោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុភាព កាណារ៉ា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ហើយ ម្នាក់ទៀតបានរត់គេចខ្លួនភ្លាមៗ។ ចំណែកឯ បុរសម្ចាស់ទូរសព្ទ័មានឈ្មោះ ស៊ុ រ៉ាម៉ន អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្ររស់នៅភូមិ ស្រម៉ជ្រុំ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យ ២នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយសូគី NEX (និច) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 1O-2058 នៅចំណុចសួនតាឌី រួចក៏បានធ្វើសកម្មភាព ឆក់ទូរសព្ទដៃជនរងគ្រោះតែមិនបានសំរេច ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច មកអន្តរាគមន៍ដេញចាប់ និងឃាត់ខ្លួនបានម្នាក់។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងមធ្យោបាយម៉ូតូដែលធ្វើសកម្មភាពត្រូវបាន សមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងកំពុងស្រាវជ្រាវ រកជនសង្ស័យកំពុងរត់គេចខ្លួន ដើម្បីចាត់ការតាមច្បាប់៕