(ភ្នំពេញ)៖ រយៈពេល២ថ្ងៃចុងក្រោយមុនកិច្ចប្រជុំកំពូល G20 បុគ្គលិកអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ទូទាំងប្រទេសកម្ពុជា និងទូទាំងសលកលោក បន្តទទូចអំពាវនាវដល់ប្រទេសអ្នកមាន (G20) សូមប្តេជ្ញាចិត្តបរិច្ចាគវ៉ាក់សាំងកូវីដ១៩ ជាសកល ដើម្បីជួយដល់បណ្តាប្រទេសក្រីក្រ ដែលមិនទាន់មានវ៉ាក់សាំងកាពារពីជំងឺកូវីដ១៩ បានចាក់វ៉ាកសាំងឱ្យបានគ្រប់គ្នា។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF តាមរយៈយុទ្ធនាការទាមទារឲ្យមានការចាក់វ៉ាក់សាំងទូទាំងពិភពលោក Vaccinate Our World ហៅកាត់ថា VOW បានធ្វើឡើងជាលើកចុងក្រោយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីជាការត្រៀមក្នុងការក្នុងការតស៊ូមតិចុងក្រោយមួយនៅមុនកិច្ចប្រជុំកំពូល G20 នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និងជាការបន្តកិច្ចខិតខំប្រឹងប្រែងជំរុញ ឱ្យមេដឹកនាំនៃបណ្ដាប្រទេសអ្នកមាននៅលើពិភពលោក ធានាឱ្យបាន នូវសិទ្ធិទទួលបានវ៉ាក់សាំងបង្ការ COVID-19ជាសកល។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានបញ្ជាក់ថា លុះត្រាតែមេដឹកនាំប្រទេស G20 ប្តេជ្ញាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបញ្ចប់ជំងឺរាតត្បាតនេះ ទើបអាចបញ្ឈប់ការបំផ្លាញប្រព័ន្ធសុខភាព និងសេដ្ឋកិច្ចទូទាំងពិភពលោក។ គ្មានប្រទេសណា មានសុវត្ថិភាពទេ ទាល់តែប្រទេសទាំងអស់ត្រូវបានការពារ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា បានឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែតុលានេះមានជិតពាក់កណ្ដាលនៃប្រជាជនពិភពលោក បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ហើយភាគច្រើនបានប្រើប្រាស់ ឬចាក់នៅក្នុងបណ្ដាប្រទេសអ្នកមាន។

ខណៈកម្ពុជា សម្រេចបាននូវអាត្រាចាក់វ៉ាក់សាំងដ៏ខ្ពស់ តែបណ្ដាប្រទេសដទៃនៅតែបន្តរងការឈឺចាប់ដោយសារ COVID-19នៅឡើយ។ ជាក់ស្ដែងមានតែ ៧ភាគរយ នៃប្រជាជនអាហ្វ្រិក ដែលបានទទួលការចាក់វ៉ាក់សាំង COVID-19 ហើយបណ្ដាប្រទេសមានប្រាក់ចំណូលទាបមានតែប្រជាជន ២.៥ភាគរយប៉ុណ្ណោះ ដែលទទួលបាន ការ ចាក់វ៉ាក់សាំងដូសទី១។ ដូច្នេះហើយយុទ្ធនាការ VOW ជម្រុញឱ្យបណ្ដាប្រទេស G20 ធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានា ឱ្យបាននូវការចាក់វ៉ាក់សាំង ឱ្យ ពិភពលោកទាំងមូល។

សូមជម្រាបថា អង្គការនិធិថែទាំសុខភាពអេដស៍ (AHF) ដែលជាអង្គការគាំពារអ្នកជំងឺអេដស៍ពិភពលោកធំជាងគេ នាពេលបច្ចុប្បន្ននេះ ផ្តល់ការព្យាបាលនិងផ្តល់សេវាកម្ម វេជ្ជសាស្រ្តដល់អតិថិជនជាង ១,៦លាននាក់នៅក្នុងប្រទេសចំនួន ៤៥នៅទូទាំងពិភពលោក នៅសហរដ្ឋអាមេរិក អាហ្វ្រិកអាមេរិកឡាទីន/ ការ៉ាអ៊ីប តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប៕