(សៀមរាប)៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានអំណោយសប្បុរសធម៌ ពីអង្គការក្នុងស្រុកមួយតាមរយៈក្រុមយុវជនសិល្បៈការចែករំលែក។

គ្រួសារក្រីក្រក្នុងឃុំកំពង់ឃ្លាំង ៥០គ្រួសារនេះ ទទួលបានកញ្ចប់អំណោយជាអង្ករ និងគ្រឿងឧបភោគមួយចំនួន ពីក្រុមការងារយុវជនសិល្បៈការចែករំលែក។ តំណាងក្រុមយុវជនសិល្បៈការចែករំលែក លោក រៀម មុន្នីស៊ីឡុង ប្រាប់ថា កញ្ចប់អំណោយខាងលើនេះ ទទួលបានពីអង្គការបញ្ញាមូលនិធិអប់រំនៅកម្ពុជា តាមរយៈក្រុមការងាររបស់លោក ដែលផ្តល់ជូនទៅគ្រួសារដែលមានជីវភាពខ្វះខាត ទីទ័លក្រ ចាស់ជរា និងក្មេងកំព្រា។

លោក មុនីស៊ីឡុង បញ្ជាក់ថា កញ្ចប់អំណោយដែលផ្តល់ជូនពលរដ្ឋក្នុងឃុំកំពង់ឃ្លាំងដែលខ្វះខាតក្នុងអំឡុងពេលជំងឺកូវីដ១៩នេះ រួមមាន៖ អង្ករ ២០គីឡូក្រាម ខ្ទឹមស ១គីឡូក្រាម ទឹកត្រី២ដប ទឹកស៊ីអ៉ីវ ២ដប ស្ករស ១គីឡូក្រាម បីចេងកន្លះគីឡូក្រាម អាល់កុល១ដប សាប៊ូ អំបិល និងម៉ាស់។

តាមការបញ្ជាក់ពី លោក វិចិត្រ មុនីស៊ីឡុង បានឱ្យដឹងថា «ក្រុមយុវជនសិល្បៈការចែករំលែក» បានបង្កើតឡើងនៅចុងខែកញ្ញា ឆ្នាំ២០២១ ក្នុងបំណងជួយសម្រាលការលំបាកដល់ពលរដ្ឋមានជីវភាពខ្វះខាតក្នុងភូមិឃុំកំពង់ឃ្លាំង។

លោកបានឱ្យដឹងដែរថា គោលដៅបន្ទាប់នឹងបន្តចែករំលែកការលំបាកដល់ពលរដ្ឋនៅតំបន់ដទៃទៀត តាមរយៈការស្វែងរកជំនួយសប្បុរសធម៌ពីពលរដ្ឋ ឬអ្នកសិល្បៈទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអង្គការនានាផង ដោយមិនពាក់ព័ន្ធនឹងនិន្នាការនយោបាយណាមួយឡើយ៕