(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចេញវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់នៃសេដ្ឋកិច្ច ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយវិបត្តិកូវីដ១៩ (ជុំទី១០)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា វិបត្តិនៃជំងឺកូវីដ-១៩ នៅតែបន្តជះឥទ្ធិពលមកលើសង្គម-សេដ្ឋកិច្ចទូទៅ ជាមួយនឹងវត្តមានជាបន្តបន្ទាប់នៃមេរោគជំងឺកូវីដ-១៩បំប្លែងថ្មី ដែលបង្កនូវភាពមិនប្រាកដប្រជា និងហានិភ័យខ្ពស់ ដល់សកលលោកទាំងមូល។ ជាក់ស្ដែង ការបន្តអនុវត្តយ៉ាងសកម្ម នូវយុទ្ធនាការចាក់វ៉ាក់សាំងដ៏មានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋរបស់ខ្លួន ក៏ដូចជាខិតខំប្រឹងប្រែងពន្លឿនការអភិវឌ្ឍថ្នាំ និងវិធីសាស្រ្តនានាសម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅតាមបណ្តា ប្រទេសជាច្រើន ដូចជា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានធ្វើឱ្យចរន្តសេដ្ឋកិច្ចនៃប្រទេសទាំងនេះបានងើបឡើងវិញបណ្តើរៗគួរឱ្យកត់សម្គាល់។

ដូចបណ្តាប្រទេសដទៃទៀត, រាជរដ្ឋាភិបាលកម្ពុជាក្រោមស្មារតីបុរេសកម្ម បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដែលក្នុងនោះរាជរដ្ឋាភិបាលបានកំណត់យក ការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ ហើយជាចុងក្រោយនេះ បានសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ-យុវជន និងដូសជំរុញ ជូនដល់ក្រុមអាទិភាពនានា សំដៅបង្កើតឱ្យបានភាពសុំាសង្គមសេដ្ឋកិច្ចរឹងមាំ។

ជាមួយគ្នានេះ, តាមរយៈវឌ្ឍនភាពដ៏ល្អប្រសើរនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងការដាក់ចេញនូវវិធានការសុខាភិបាល, វិធានការរដ្ឋបាលមុតស្រួចនានា និងវិធានការច្បាប់ នាពេលកន្លងមក, ស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ បានចាប់ផ្តើមថមថយ ដែលជាបច្ច័យវិជ្ជមានសម្រាប់ការបើកឡើងវិញនូវសកម្មភាពសង្គម-
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។ ទោះបីជាយ៉ាងនេះក្តី, ភាពមិនប្រាកដប្រជាដែលបណ្តាលមកពីការបំប្លែងថ្មីនៃមេរោគកូវីដ-១៩ និងការងើបឡើងវិញយឺតជាងការព្យាករណ៍របស់សេដ្ឋកិច្ចពិភពលោក នៅតែជាក្តីកង្វល់ចំពោះកំណើនសេដ្ឋកិច្ចជាតិ បើទោះបីជាសកម្មភាពសង្គម-សេដ្ឋកិច្ច បាន និងកំពុងបើកឡើងវិញជាបណ្តើរៗ តាមគន្លងប្រក្រតីភាពថ្មី ក៏ដោយ។

ក្នុងបរិការណ៍នេះ, ទន្ទឹមនឹងការរៀបចំដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ព្រមទាំងវិធានការនានា ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបន្តជំរុញលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជា វិស័យកាត់ដេរ-វាយនភណ្ឌ, វិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍
ជាដើម, រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែមសម្រាប់ជុំទី ១០ ក្នុងគោលបំណង៖ (១). បន្តកាត់បន្ថយផលប៉ះពាល់នៃវិបត្តិនៃជំងឺកូវីដ-១៩ មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ក៏ដូចជាការដាក់ចេញ និង អនុវត្តវិធានការទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ ក្នុងបរិបទនៃការបើកឡើងវិញ ជាបណ្តើរៗ នូវសកម្មភាពសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី និង (២). បន្តសុពលភាព នៃវិធានការដែលបានដាក់ចេញនាពេលកន្លងមក ដែលនឹងផុតកំណត់សម្រាប់ការអនុវត្ត ។

វិធានការជុំទី ១០ ដែលត្រូវបានរៀបចំឡើង ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់ ដោយមានការពិគ្រោះយោបល់ ទូលំទូលាយជាមួយវិស័យឯកជន, ដៃគូអភិវឌ្ឍន៍នានា ព្រមទាំងគ្រប់តួអង្គពាក់ព័ន្ធ រួមមាន ដូចខាងក្រោម ៖

១៖ វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និង វិស័យទេសចរណ៍

បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្មក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិតអនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹង៖

* បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ០១ នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ តុលា ដល់ខែ ធ្នូ ឆ្នាំ ២០២១ ។ ម្ចាស់រោងចក្រ-សហគ្រាសក្នុងវិស័យនេះត្រូវបន្ថែមចំនួន ៣០ ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត ០១ នាក់ (ជាសរុប កម្មករ-និយោជិត ០១ នាក់ ទទួលបាន ៧០ ដុល្លារអាមេរិក ក្នុងមួយខែ) ។

* បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករ-និយោជិត ០១ នាក់ ដែលបំពេញការងារក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ តុលា ដល់ខែ ធ្នូ ឆ្នាំ ២០២១ ។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ។
* បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ តុលា ដល់ ខែ ធ្នូ ឆ្នាំ ២០២១ ។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និង ប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ ។
* បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម ។

២៖ វិធានការបន្តជួយវិស័យអាកាសចរណ៍

* បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀតពីខែ តុលា ដល់ខែ ធ្នូ ឆ្នាំ ២០២១ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា ។

* បន្តផ្ដល់ការអនុគ្រោះចំពោះការបង់ប្រាក់ជំពាក់លើកម្រៃអាកាសចរស៊ីវិល ដោយពន្យាររយៈពេល០៣ ខែបន្ថែមទៀត ចាប់ពីខែ តុលា ដល់ខែ ធ្នូ ឆ្នាំ ២០២១។

ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ។
រាជរដ្ឋាភិបាលនឹងបន្តតាមដានជាប្រចាំ នូវស្ថានភាពនៃជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល, តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗ ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែម ចាំបាច់នានា ក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសធានាបាននូវចីរភាពនៃភាពស៊ាំសង្គម-សេដ្ឋកិច្ច និងការរៀនផ្លាស់ប្ដូរឥរិយាបថ ដើម្បីសម្របខ្លួនតាមគន្លងប្រក្រតីភាពថ្មី ក្រោមក្របខណ្ឌនៃផែនការយុទ្ធសាស្ត្រ ស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទជំងឺកូវីដ-១៩ និងផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕