(ភ្នំពេញ)៖ ដើម្បីឲ្យអត្ថបទសារព័ត៌មានមួយ ទទួលបានការជឿទុកចិត្តពីអ្នកអាន អ្នកសារព័ត៌មានគួរបង្ហាញ នូវអត្តសញ្ញាណប្រភពព័ត៌មានដល់អ្នកអាន។ ប៉ុន្តែនៅក្នុងករណីខ្លះ អ្នកសារព័ត៌មានអាចលាក់អត្តសញ្ញាណប្រ ភពបាន ប្រសិន បើគេយល់ថាការផ្សាយព័ត៌មាននោះ អាចបង្កគ្រោះថ្នាក់ដល់ប្រភព។ នេះគឺជាការបញ្ជាក់របស់ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល់ Fresh News ដែលហៅកាត់ថា FTC ទៅកាន់សិក្ខាកាម កាលពីចុងសប្តាហ៍មុន។

បើតាមលោក ម៉ារ យ៉ារិទ្ធ ការលាក់ប្រភពគឺជារឿងមួយដែលត្រូវធ្វើដើម្បីការពារសុវត្ថិភាពដល់ប្រភព ក្នុងនោះ រួមមានការលាក់ឈ្មោះ លាក់ទីតាំង អត្តសញ្ញាណផ្សេងៗរបស់ប្រភព និងសូម្បីតែសំឡេងក៏ត្រូវបានកែច្នៃ ដើម្បី កុំឲ្យគេអាចស្វែងរកប្រភពព័ត៌មានបាន។ ប៉ុន្តែការធ្វើបែបនេះសុទ្ធសាធពេក ធ្វើឲ្យអ្នកអានអត្ថបទអាចនឹងមិន មានការទុកចិត្តទៅលើអ្នកសរសេរដោយសង្ស័យថា អាចគ្រាន់តែជារឿងមួយប្រឌិតឡើងតែប៉ុណ្ណោះ។

លោក ម៉ារ យ៉ារិទ្ធ គឺជាព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារ ព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះលោក ម៉ារ យ៉ារិទ្ធ ដែលមានរហ័ស នាម «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោកគឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក។

អ្នកជំនាញផ្នែកសារព័ត៌មានជាង៣០ឆ្នាំខាងលើ បានផ្ដល់យោបល់ថា ការលាក់ប្រភព អាចលាក់បាន ប៉ុន្តែ គេត្រូវរកអ្នកជំនាញណាម្នាក់ដែលមិនលាក់អត្តសញ្ញាណខ្លួនឯង ដើម្បីបកស្រាយឬពន្យល់នូវរឿងដែល ជាប់ពាក់ព័ន្ធដើម្បីបញ្ជាក់សាធារណជនថា រឿងទាំងមូលនោះ មិនមែនសុទ្ធតែគ្មានប្រភពបង្ហាញអត្តសញ្ញាណ ឡើយ។ ក្នុងសំណួរមួយថាតើគេអាចបន្តលាក់ប្រភពនោះនៅចំពោះមុខតុលាការទេ? លោកបានបញ្ជាក់ថា ទេ។ គេអាចលាក់ប្រភពបានក្នុងការសរសេរសារព័ត៌មាន, ប៉ុន្តែក្នុងពេលឡើងតុលាការ គឺគេចាំបាច់បង្ហាញនូវប្រភព នោះនៅចំពោះមុខច្បាប់។

ការរក្សាការសម្ងាត់ឲ្យប្រភព គឺជាភាពចាំបាច់របស់អ្នកសារព័ត៌មាននៅក្នុងការរក្សាការសម្ងាត់ ប្រសិនជាគេយល់ ឃើញថា ការទម្លាយព័ត៌មានមួយនេះអាចបង្ករគ្រោះថ្នាក់ដល់ប្រភព។ សិទ្ធិរបស់អ្នកសារព័ត៌មានត្រង់ប្រការនេះ ក៏មានចែងនៅក្នុងមាត្រា២ នៃច្បាប់ស្ដីពីរបបសារព័ត៌មានកម្ពុជាផងដែរ ដែលបានចែងថា «អ្នកសារព័ត៌មាន សិទ្ធិ ក្នុងការរក្សាការសម្ងាត់ស្ដីពីប្រភពរបស់ខ្លួន»

ទាំងនេះ គឺជាមេរៀនអំពីប្រភពព័ត៌មាន នៃវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពអំពីរបៀបសរសេរព័ត៌មាន ដល់ បុគ្គលិក អង្គភាពព័ត៌មាន Fresh News ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) នៅក្នុងសប្តាហ៍ទី២ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។
«FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ FTC ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ។ FTC មាន លោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកធ្លាប់ជាអ្នកបណ្តុះបណ្តាល និងប្រឡូកក្នុងវិស័យសារព័ត៌ មានអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

វគ្គបណ្តុះបណ្តាលលើកដំបូង ធ្វើឡើងរយៈពេល៣ខែមានសិក្ខាកាមជាបុគ្គលិក Fresh News ប្រមាណ៣០រូបចូលរួម។ ក្រោយបញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងអស់នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ចេញដោយអង្គភាពព័ត៌មាន Fresh News ដែលមានការទទួលស្គាល់ពីអង្គភាពជំនាញ និងគ្រូបង្គោលផងដែរ។ សម្រាប់វគ្គបន្ទាប់ FTC នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត និងយុវជនដទៃទៀត ដែលមិនមែនជាបុគ្គលិក Fresh News ចូលរៀនថែមទៀត៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព៏ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទលេខ : 089 960 090.
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ 092 322 334