(បាត់ដំបង)៖ អ្នកស្លាប់ដោយសារជំងឺកូវីដចំនួន១៦៦នាក់ នៅខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ត្រូវបានទទួលថវិកាឧបត្ថម្ភពីប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមគ្រួសារសពក្នុងមួយគ្រួសារ២លានរៀល តាមរយ:អភិបាលខេត្តបាត់ដំបង។

លោកអភិបាលខេត្តបាត់ដំបង សុខ លូ បានចាត់ចែងឲ្យអភិបាលក្រុងស្រុកជាតំណាងយកទៅចែកជូននៅតាមឃុំសង្កាត់ និងជូនដល់ដៃក្រុមគ្រួសារសពនៅតាមមូលដ្ឋានរបស់ខ្លួន។ លោក សុខ លូ បានជួបសំណេះសំណាល និងមតិណែនាំអភិបាលក្រុងស្រុក ព្រមទាំងប្រគល់ថវិកាយកចែកជូនក្រុមគ្រួសារសពនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តបាត់ដំបង។

លោក សុខ លូ បានលើកឡើងថា ថវិកាដែលបានចែកជូននាពេលនេះជាថវិការដ្ឋ តាមបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីជួយសម្រាលនូវការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារសពដែលបានស្លាប់ទៅហើយនោះ។

លោកអភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ សូមចូលរួមសោកស្តាយចំពោះក្រុមគ្រួសារសពទាំងអស់ ដែលបានស្លាប់ដោយជំងឺកូវីដ១៩នេះ។ ជំងឺនេះបានផ្ទុះឡើងខ្លាំងទូទាំងពិភពលោកកន្លងទៅនេះដោយឡែកជាបទពិសោធន៍នៅកម្ពុជា ក៏បានឆ្លងជាបន្តបន្ទាប់តែដោយសារថ្នាក់ដឹកនាំពូលគឺសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយវ៉ាក់សាំង ដោយចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាំងពីដូសទី១ ទី២ និងដូសទី៣ ធ្វើឲ្យការរីករាលដាលឆ្លងជំងឺនេះមានការថយចុះយ៉ាងលឿនជាលំដាប់ និងមានប្រសិទ្ធភាពខ្ពស់ រួមនឹងតាមការណែនាំវិធានការទប់ស្កាត់របស់ក្រសួងសុខាភិបាលដោយអនុវត្ត «៣កុំ និង៣ការពារ»។

លោកថា «ចាប់ពីថ្ងៃនេះទៅប្រជាពលរដ្ឋយើងទាំងអស់គ្នាត្រូវរៀនរស់នៅជាមួយជំងឺកូវីដ ដើម្បីបង្កើនភាពស៊ាំក្នុងខ្លួនរបស់យើងម្នាក់ៗ ក្រោយយើងបានចាក់វ៉ាក់សាំងរួចតែត្រូវរក្សាអនាម័យជាប់ជាប្រចាំ និងអនុវត្តវិធានរបស់សុខាភិបាលឲ្យបានត្រឹមត្រូវជានិច្ច»