(ភ្នំពេញ)៖ ដើម្បីជួយឲ្យមានការស្តារឡើងវិញនៃសេដ្ឋកិច្ច ពិសេសលើវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តជួយដល់វិស័យទាំង២នេះ សម្រាប់រយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែតុលា ដល់ ធ្នូ ឆ្នាំ២០២១។

ការជួយនេះតាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ និយោជិត ដែលបានព្យួរកិច្ចសន្យាការងារ សម្រាប់វិស័យកាត់ដេរ និងការអនុគ្រោះផ្នែកពន្ធសម្រាប់វិស័យទេសចរណ៍។

សេចក្ដីណែនាំអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី១០) របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែតុលានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជួយដល់វិស័យទាំង២ ដូចខាងក្រោម៖

* បន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត១នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល៣ ខែបន្ថែមទៀត ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១។ ម្ចាស់រោងចក្រ-សហគ្រាសក្នុងវិស័យនេះ ត្រូវបន្ថែមចំនួន៣០ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត១ នាក់ (ជាសរុបកម្មករ-និយោជិត១នាក់ ទទួលបាន៧០ដុល្លារអាមេរិក ក្នុងមួយខែ)។

* បន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករ-និយោជិត ០១ នាក់ ដែលបំពេញការងារ ក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល៣ខែបន្ថែមទៀត ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។

* បន្តលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត
និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល៣ខែបន្ថែមទៀត ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និង ប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។

* បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម៕