(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៉ី លើកទី៤ ជាកិច្ចប្រជុំចុងក្រោយ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំ២០២១ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ មេដឹកនាំអាស៊ាន-រុស្ស៉ី បានអនុម័តឯកសារសំខាន់ចំនួន៣ ខណៈឯកសារចំនួន២ ផ្សេងទៀត ត្រូវបានកត់សម្គាល់។ នេះបើតាមសេចក្តីប្រកាសលទ្ធផល កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤ ត្រូវបានរៀបចំឡើងស្របពេលជាមួយនឹងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនារវាងភាគីទាំងពីរ ដោយមានការអញ្ជើញចូលរួមពីលោក វ៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី និងប្រមុខដឹកនាំប្រទេសសមាជិកអាស៊ានដទៃទៀត លើកលែងតែមីយ៉ាន់ម៉ា មិនមានតំណែងចូលរួមនោះឡើយ។

តាមការប្រកាសលទ្ធផលបានឱ្យដឹងថា ក្នុងឋានៈជាប្រទេសសម្របសម្រួលដៃគូសន្ទនាអាស៊ាន-រុស្ស៊ី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសេចក្តីប្រកាសរួមអាស៊ាន ដែលបានគូសបញ្ជាក់អំពីសមិទ្ធផលនានានៃកិច្ចសហប្រតិបត្តិការ និងបានស្នើឡើងនូវសកម្មភាពមួយចំនួនសម្រាប់អនាគត ដែលនឹងត្រូវធ្វើរួមគ្នារវាងអាស៊ាន និងរុស្ស៊ី ដើម្បីលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូនេះ។

កិច្ចប្រជុំកំពូលបានអនុម័តឯកសារសំខាន់ចំនួន៣ រួមមានៈ (១)៖ សេចក្តីថ្លែងការណ៍អាស៊ាន និងសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀនខុសច្បាប់ (២)៖ សេចក្តីថ្លែងការណ៍រួមនៃប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤៖ ការកសាងតំបន់មួយដែលពោរពេញដោយសន្តិភាព ស្ថិរភាព និងនិរន្តរភាព (៣)៖ ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្រ្ត រវាងសមាគមន៍នៃប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហព័ន្ធរុស្ស៊ី (២០២១-២០២៥)។

ដោយឡែក ឯកសារចំនួន២ ផ្សេងទៀត ត្រូវបានកត់សម្គាល់ រួមមានៈ (១)៖ ផែនទីចង្អុលផ្លូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ រវាងអាស៊ាន-រុស្ស៊ី ដែលបានកែសម្រួលថ្មី និង (២)៖ កម្មវិធី ការងារពាណិជ្ជកម្ម និងវិនិយោគ រវាងអាស៊ាន-រុស្ស៊ី ឆ្នាំ២០២១-២០២៥៕