(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអំពីអាទិភាពសំខាន់ៗរបស់កម្ពុជា ក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អាទិភាពសំខាន់ៗរបស់កម្ពុជា ក្នុងឱកាសធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ រួមមាន៖

* សម្រាប់សសរស្តម្ភនយោបាយ និងសន្តិសុខ៖ កម្ពុជានឹងផ្តោតការយកចិត្តទុកដាក់លើការពង្រឹងមជ្ឈភាពអាស៊ាន និងឯកភាពអាស៊ាន ទាំងនៅក្នុងយន្តការតំបន់ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដោយឈរលើ «មាគ៌ា និងគោលការណ៍អាស៊ាន» ដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន (ASEAN Charter) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងទស្សនវិស័យអាស៊ានស្តីពី ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។

* អាស៊ានត្រូវតែមានភាពធន់ និងរឹងមាំ ប្រឆាំងនឹងសម្ពាធ និងឥទ្ធិពល ដែលបណ្តាលមកពីការកើនឡើងនៃការប្រកួតប្រជែងភូមសាស្រ្ត-នយោបាយ ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លងរាតត្បាត ជាដើម ដើម្បីធានាថា មាគ៌ាឆ្ពោះទៅមុខប្រកបដោយសន្តិភាព សន្តិសុខ និងវិបុលភាព។

* សម្រាប់សសរស្តម្ភសេដ្ឋកិច្ច៖ កម្ពុជា នឹងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គំនិតផ្តួចផ្តើម និងវិធានការផ្សេងៗដែលបានឯកភាពគ្នា ក៏ដូចជា ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាឱ្យបានជាអតិបរមា ដើម្បីពន្លឿនការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ខណៈពេលដែលយើងកំពុងរស់នៅជាមួយជំងឺកូវីដ-១៩ ក្នុងសភាពធម្មតា តាមបែបគន្លងថ្មី និងធានាឱ្យបានថា អាស៊ាននៅតែជាមជ្ឈមណ្ឌលដ៏ទាក់ទាញ និងប្រកបដោយថាមវន្ត សម្រាប់ពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការលើកកម្ពស់ការតភ្ជាប់ទាំងផ្នែករូបវ័ន្ត និងឌីជីថល ការពង្រឹងសមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម និងការលើកកម្ពស់សហគ្រិនភាពក្នុងចំណោមស្ត្រី និងយុវជន ក៏ដូចជា អាទិភាពផ្សេងទៀតក្នុងគោលបំណងបង្រួមគម្លាតអភិវឌ្ឍន៍ និងជំរុញសមាហរណកម្មតំបន់។

* សម្រាប់សសរស្តម្ភសង្គម-វប្បធម៌៖ កម្ពុជា នឹងពង្រឹងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងសម្រាប់ការកសាងសហគមន៍ លើកកម្ពស់ការចូលរួមរបស់ស្ត្រី និងយុវជននៅក្នុងការកសាង និងថែរក្សាសន្តិភាព ព្រមទាំងអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយប្រកបដោយបរិយាប័ន្ន។ ចំនុចអាទិភាពសំខាន់មួយទៀតនោះគឺ ការពង្រឹងចំណងទាក់ទងរវាងប្រជាជន និងប្រជាជន ដើម្បីពង្រឹងស្មារតី «អត្តសញ្ញាណអាស៊ានតែមួយ»។

ជាចុងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានទន្ទឹងរង់ចាំដល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូទាំងអស់អញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២២៕