(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅក្នុងពិធីបិទជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម បានប្រគល់ញញួរប្រធានអាស៊ានជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានជូនពរជ័យដល់ព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យត្រចះត្រចង់ក្នុងការកាច់ចង្កូតកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ឆ្នាំ២០២២។

ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម បានសម្តែងនូវការកោតសរសើរដល់គ្រប់ប្រទេស ជាសមាជិកអាស៊ាន និងដៃគូសន្ទនាទាំងអស់ ដែលបានគាំទ្រចំពោះការធ្វើជាប្រធានអាស៊ានរបស់ ប្រទេសព្រុយណេ ឱ្យសម្រេចបាននូវសមិទ្ធផលសំខាន់ៗ និងអាទិភាពផ្សេងៗ ក្នុងឆ្នាំដែលតំបន់ខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានដោយផ្តោតជាសំខាន់ទៅលើប្រជាជន ក្រោមមូលបទ «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចំរើន»។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានកោតសរសើរ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស សម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយគិតបណ្ឌិត និងប្រសិទ្ធភាព ក្នុងការកាច់ចង្កូតនាវាអាស៊ានឆ្ពោះទៅសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសមូលបទ ប្រធានអាស៊ាន ឆ្នាំ២០២២ របស់កម្ពុជា អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា សម្រាប់សុខដុមរមនា សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ទាំងមូល។ មូលបទបានគូសបញ្ជាក់នូវ ស្មារតីរបស់អាស៊ាន ទាំងអស់រួម គ្នា ជាសហគមន៍តែមួយជាមួយឆន្ទៈរួម ដើម្បីជម្នះការប្រឈមនានា ដែលកំពុងមានក្នុងតំបន់ តាមរយៈវិធីសាស្ត្រផ្តោតសំខាន់លើសកម្មភាព ដែល ផ្អែកលើភាព បើកចំហ សុចរិតភាព សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមកដោយស្មើភាពគ្នា។

ក្រោមមូលបទនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី អះអាងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីសម្រេចបានកិច្ចការសំខាន់ៗ ជាពិសេស ការពន្លឿនដំណើរការកសាងសហគមន៍អាស៊ានមួយដែលមានសមធម៌ រឹងមាំ និងប្រកបដោយបរិយាប័ន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន៖ «ទស្សនវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ»។

ខាងក្រោមនេះជាក្រសួងការបរទេស៖