(ភ្នំពេញ)៖ ប្រធានក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ សែន បានយល់ព្រមទទួលជួយការពារក្តីជូនកុមារីរងគ្រោះដោយសារអំពើហិង្សា របស់មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ បន្ទាប់ពីមានសំណើពីលោកមេឃុំ និងម្តាយកុមារីរងគ្រោះទាំងពីររូប ដោយសុំឲ្យជួយការពារក្តីតាមផ្លូវច្បាប់ និងជួយស្វែងរកយុត្តិធម៌ជូនកូនរបស់គាត់ទាំងពីរ។
លោក គី តិច ប្រធានក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះថា «ដោយមានសំណូមពរពីក្រុមគ្រួសារកុមារីរងគ្រោះ លោកមេឃុំ និងដោយករណីនេះត្រូវលក្ខខណ្ឌ និងចំគោលការណ៍របស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនផង (កុមារីជាអនីតិជន, គ្រួសារក្រីក្រ និងត្រូវអ្នកមានអំណាចរំលោភបំពាន) ហេតុនេះខ្ញុំបានសម្រេចយល់ព្រមឲ្យទទួលការពារក្តីតាមផ្លូវច្បាប់»។
ក្មេងស្រីរងគ្រោះទាំង២នាក់មានឈ្មោះ ត្រែក ធារ៉ា អាយុ១២ឆ្នាំ និងឈ្មោះ វ៉ន ពិសី អាយុ១២ឆ្នាំ ដូចគ្នា។ ក្មេងស្រីរងគ្រោះទាំង២នាក់នេះ ត្រូវជាបងប្អូនជីដូនមួយរស់នៅ ភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ និងបានមកស៊ីស្មួលបម្រើនៅផ្ទះមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ក្នុងមួយខែថ្លៃឈ្នួល១០០ដុល្លារ។ ករណីវាយធ្វើបាប និងទារុណកម្មលើក្មេងស្រីទាំង២នាក់នេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។
ម្ដាយជនរងគ្រោះបានបញ្ជាក់ឲ្យដឹងថា លោក ហ៊ុយ ចង់ធ្វើការសម្របសម្រួលជាមួយគាត់ តែគាត់មិនព្រមនោះឡើយ ពោលទុកឲ្យច្បាប់ដោះស្រាយចុះ ហើយក៏ស្នើសុំឲ្យក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ជួយរកយុត្តិធម៌ជូនកូនស្រីគាត់ទាំងពីរនាក់ផង។
ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News ក្មេងស្រីរងគ្រោះបានរៀបរាប់ឱ្យដឹងថា ពួកគេទាំង២នាក់ បានធ្វើឲ្យកូនឆ្កែងាប់។ ក្រោយពីសត្វឆ្កែនោះងាប់លោក ហ៊ុយ បានវាយធ្វើបាបដោយបោចសក់ និងយកជើងម៉ាពណ៌ក្រហម វាយក្បាលចំនួន២ជើងម៉ា ហើយកូនចៅលោក ហ៊ុយ បានវាយមកលើនាងចំនួន០៣កំភ្លៀង។ ចំណែកម្ដាយក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា កូនស្រីរបស់គាត់បានប្រាប់គាត់ថា គេទះកំភ្លៀងកូនរបស់គាត់ និងយកជើងម៉ាវាយក្បាល ថែមទាំងឱ្យស៊ីអាចម៍ឆ្កែ និងឱ្យដេកអោបផ្នូខ្មោចឆ្កែចំនួន១យប់ទៀត។
សូមជំរាបថា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការចំពោះ ជនល្មើសផ្សេងទៀត ដែលពាក់ព័ន្ធនៅក្នុងអំពើហិង្សា និងទារុណកម្មនេះថែមទៀតផង ពោលមិនលើកលែងឲ្យជាដាច់ខាត។ នាយឧត្តមសេនីយ៍ចាត់ទុកថា ទង្វើបែបនេះជាពាល រឿងអសីលធម៌ និងមិនអាចទទួលយកបាននោះឡើយ ហើយនាយឧត្តមសេនីយ៍ ក៏មិនទុកឲ្យមានមន្រ្តីអាវុធហត្ថបែបនេះ នៅក្នុងជួរអង្គភាពទៀតឡើយ។
មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ លោក ទេព ហ៊ុយ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់វាយខ្នោះ ក្រោយបុគ្គលរូបបានប្រើហិង្សា និងទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីទាំង២នាក់ ដែលជាឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕