(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា មិនមែនទាល់តែផ្សាយប្រឆាំងរដ្ឋាភិបាល ឬផ្សាយវាយប្រហាររដ្ឋាភិបាល ទើបហៅថា សារព័ត៌មានឯករាជ្យនោះទេ។ លោកថ្លែងបែបនេះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសសិក្ខាសាលាស្តីពី «ការអនុវត្ដវិជ្ជាជីវៈ និងសេរីភាពអ្នកសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងសង្គមប្រជាធិបតេយ្យ វិស័យព័ត៌មាន គឺសំខាន់ណាស់។ គ្មានសារព័ត៌មានមួយសេរី ឯករាជ្យ គឺមិនអាចមានសង្គមប្រជាធិបតេយ្យបានទេ។ កាសែត (សារព័ត៌មាន) មួយចំនួន ដែលថាឯករាជ្យហ្នឹង គឺមិនត្រូវខុសច្បាប់ វាយប្រហាររដ្ឋាភិបាល ឬប្រឆាំងរដ្ឋាភិបាល បានហៅថាឯករាជ្យ នោះគឺជាការយល់ខុសហើយ»

សូមជម្រាបថា សិក្ខាសាលាស្តីពី «ការអនុវត្ដវិជ្ជាជីវៈ និងសេរីភាពអ្នកសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា» រៀបចំឡើងរយៈពេល ១ថ្ងៃពេញ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន, តំណាងក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, អ្នកជំនាញផ្នែកសារព័ត៌មាន មន្ត្រីគម្រោង យូណេស្កូ ព្រមទាំងបណ្តាអ្នកសារព័ត៌មាន ប្រមាណជាង ២០០នាក់។

សិក្ខាសាលានេះ ប្រព្រឹត្តធ្វើឡើងដើម្បីលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន បង្កើនចំណេះដឹងឆ្លើយតប ទៅនឹងក្របខណ្ឌច្បាប់ លិខិតបទដ្ឋាន តតិយុត្តនានា និងការអនុវត្តការងារប្រកបដោយ វិជ្ជាជីវៈ។

បើតាមក្រសួងព័ត៌មាន, សេរីភាពសារព័ត៌មាន គឺជាសិទ្ធិមូលដ្ឋានដែលត្រូវបានធានាក្នុងច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ ហើយសេរីភាពសារព័ត៌មានក៏មានធាតុសំខាន់របស់សិទ្ធិទាំងអស់ផងដែរ។ អ្នកសារព័ត៌មាន គឺជាអ្នកអនុវត្តលើការស៉ើបអង្កេត និងការរាយការណ៍ពីព្រឹត្តិការណ៍នៃហេតុការណ៍ណាមួយ មានពេលវេលាច្បាស់លាស់ និងជាក់លាក់ទៅអ្នកអាន អ្នកស្តាប់ អ្នកមើល តាមរយៈ ការផ្សាយតាមវិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី សារអេឡិចត្រូនិច (អ៉ីនធឺណេត) ជាដើម៕