(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥០គ្រួសារ ស្ថិតក្នុងវត្តទ្រីសុធារ៉ាម ភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងជម្រាបជូនប្រជាពលរដ្ឋពីចក្ខុវិស័យដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអនុញាតឲ្យចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញ ដើម្បីស្តារជីវភាពគ្រួសារ ក្រោយស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់កម្ពុជាមានការធូរស្រាល។

លោកក៏ថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ១៩ ដោយអនុវត្តឲ្យបានទៀងទាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ។

ដោយឡែក លោក ប្រាក់ សុវណ្ណ បានថ្លែងណែនាំដល់អាជ្ញាធរក្រុង ស្រុក បន្តយកចិត្តទុកដាក់ដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងយុត្តិធម៌ ដែលអាចទទួលយកបាន ពិសេសត្រូវបន្តពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសត្រូវបង្រ្កាបបទល្មើសល្បែង៉ីសងខុសច្បាប់ ជល់មាន់ ឆ្នោត កន្ទុយលេខខុសច្បាប់ និងបទល្មើសគ្រឿងញៀន។

ចំពោះពលរដ្ឋដែលមានជីវភាពខ្វះខាត សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន នោះអាជ្ញាធរស្រុកនិងខេត្តនឹងជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមិនបណ្តោយឲ្យពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយអត់ឃ្លាននោះទេ។

លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំពាវនាវដល់ប្រជពលរដ្ឋត្រូវនាំកូនចៅដែលមិនទាន់បានចាក់វ៉ាក់សាំង មកចាក់វ៉ាក់សាំងនៅមណ្ឌុលសុខភាពឲ្យបានគ្រប់ៗគ្នា ហើយតាមសម្តេចតេជោ បើនៅឆ្ងាយ ពិបាកធ្វើដំណើរមក សូមមន្ត្រីសុខាភិបាលទៅចាក់ដល់ផ្ទះតែម្តង និងត្រូវអនុវត្ត ៣កុំ ៣ការពារ ដើម្បីរៀនរស់ក្នុងបរិបទថ្មី គឺរៀនរស់ជាមួយកូវីដ-១៩ ដោយត្រូវរក្សាអនាម័យស្អាតជានិច្ច ត្រូវលាងដៃជាមួយសាប៊ូ ឬជែលឲ្យបានញឹកញាប់ ពាក់ម៉ាស់ ឬក្រមានៅពេលមានមនុស្សច្រើន៕