(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចពិភាក្សាស្ដីពី «ការចូលរួមជាចរន្តជាតិមួយ ឈានឆ្ពោះទៅការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ និងរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ដែលធ្វើឡើងក្នុងបរិវេណស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

តាមរយៈការផ្ដល់កិច្ចសម្ភាសរយៈពេល ជាង១៧នាទី របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជាមួយបណ្ដាញព័ត៌មាន Fresh News លោកស្រីបានឱ្យដឹងថា គោលបំណងនៃការរៀបចំកិច្ចពិភាក្សានេះឡើង ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»

លើសពីនោះ គឺចង់ជំរុញលើកទឹកចិត្ដ ក៏ដូចជាការផ្ដល់សារមួយជូនដល់យុវជន និងអ្នកផ្ទុកមេរោគអេដស៍ ចូលរួមប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ ពិសេសសម្រាប់អ្នកផ្ទុកមេរោគអេដស៍ បន្ដមកទទួលសេវាថែទាំ និងព្យាបាលជំងឺអេដស៍នេះ។ លោកស្រីបន្ដថា «ដោយសារតែស្ថានភាពបច្ចុប្បន្នភាពនៃជំងឺអេដស៍ក្នុងឆ្នាំនេះ គឺមានករណីឆ្លងថ្មីជាង១,០០០នាក់ កើនជាងឆ្នាំ២០១៩ ដែលមានប្រមាណ៨០០នាក់ប៉ុណ្ណោះ»

លោកស្រី ម៉ែន នារីសោភ័គ បានគូសបញ្ជាក់ថា «ដោយក្នុងបរិបទជំងឺកូវីដ១៩ ក៏ជាកត្ដាមួយបង្កឱ្យអត្រាកើនឡើងផ្នែកជំងឺអេដស៍ ហើយអ្នកឆ្លងថ្មីភាគច្រើនជាយុវជន បានជាថ្ងៃនេះយើងលើកយកកិច្ចពិភាក្សានេះមក ដោយមានវាគ្មិនចូលរួមជាយុវជនផងដែរ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ឱ្យយល់ពីគ្រោះថ្នាក់នៃជំងឺអេដស៍ បើមានការធ្វេសប្រហេសនោះ»

សូមជម្រាបថា កិច្ចពិភាក្សាស្តីពី «ការចូលរួមជាចរន្តជាតិមួយ ឈានឆ្ពោះទៅការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ និងរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» មានការបកស្រាយពីវាគ្មិនចំនួន ៤នាក់ ក្នុងនោះវាគ្មិនជាអ្នកផ្ទុកមេរោគអេដស៍ ២នាក់ តំណាងយុវជនកាកបាទក្រហមកម្ពុជា ១នាក់ និងតំណាងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ១នាក់៕

សូមស្ដាប់នូវកិច្ចសម្ភាសរបស់លោកស្រី ម៉ែន នារីសោភ័គ ជុំវិញកិច្ចពិភាក្សាខាងលើនេះដូចតទៅ៖