(ភ្នំពេញ)៖ បន្ទាប់ពីកិច្ចប្រជុំភាពជាដៃគូសភាអាស៉ី-អឺរ៉ុប (ASEP) លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋសភាកម្ពុជា បង្ហាញលទ្ធផល នៃកិច្ចប្រជុំនេះ។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើម នៅម៉ោង២៖០០នាទី រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ និងបញ្ចប់នៅម៉ោងជាង៨យប់។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធនិម្មិត (Virtual Meeting) ក្រោមមូលបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយ វិបត្តិកូវីដ-១៩» ដែលរៀបចំចេញពីវិមានរដ្ឋសភាកម្ពុជា។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប Asia-Europe Parliamentary Partnership Meeting ហៅកាត់ថា ASEP គឺជាព្រឹត្តការណ៍ដាច់ដោយឡែកមួយរបស់ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (Asia-Europe Meeting) ហៅកាត់ថា ASEM ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងទទួលធ្វើម្ចាស់ផ្ទះ នាថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ដែលកិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ / រដ្ឋាភិបាលនៃប្រទេសចំនួន៥១ នៅទ្វីបអឺរ៉ុបនិងអាស៊ីប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ផងដែរ។

នៅក្នុងពិធិបើកនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ មានការចូលរួមថ្លែងសុន្ទរកថារបស់ថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាសហប្រធាន ASEP11 និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)៕

ខាងក្រោមនេះជាលទ្ធផលទាំងស្រុងកិច្ចប្រជុំភាពជាដៃគូសភាអាស៉ី-អឺរ៉ុប លើកទី១១៖