(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានឱ្យដឹងថា សភានៃទ្វីបអាស៊ី និងសភាតំណាងមកពីទ្វីប បានពិគ្រោះយោបល់ និងឯកភាពគ្នាលើប្រធានបទដែលមានសារៈសំខាន់សម្រាប់ទ្វីបទាំងពីរ ព្រមទាំងបានទទួលស្គាល់ និងស្វែងយល់នូវដំណោះស្រាយដើម្បីបង្កើននូវសហប្រតិបត្តិការ រវាងសភានៃទ្វីបទាំងពីរ ដើម្បីធ្វើយ៉ាងណាអាចរកដំណោះស្រាយ ដើម្បីជាផលប្រយោជន៍របស់ប្រជាជនក្នុងការចាប់ផ្តើមស្តារសេដ្ឋកិច្ចក្រោយពីវិបត្តិជំងឺកូវីដ១៩។

ការឱ្យដឹងបែបនេះ របស់លោក ហ៊ុន ម៉ានី បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំភាពជាដៃគូសភាអាស៉ី-អឺរ៉ុប (ASEP) លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋសភាកម្ពុជា បង្ហាញលទ្ធផល នៃកិច្ចប្រជុំនេះ។

លោក ហ៊ុន ម៉ានី បានឱ្យដឹងយ៉ាងដូច្នេះថា៖ «សភានៃទ្វីបអាស៊ី និងសភាតំណាងមកពីទ្វីប បានពិគ្រោះយោបល់ និងឯកភាពគ្នា ទៅកថាខណ្ឌ និងប្រធានបទដែលមានសារៈសំខាន់រួមគ្នាសម្រាប់ទ្វីបរបស់ពួកយើងទាំងពីរ ហើយយើងក៏បានទទួលស្គាល់លើចំណុចហើយនឹងស្វែងយល់នូវដំណោះស្រាយ ដើម្បីបង្កើននូវសហប្រតិបត្តិការ រវាងអង្គនីតិបបញ្ញាត្តិនៃទ្វីបទាំងពីរ ដើម្បីធ្វើយ៉ាងណាអាចរកដំណោះស្រាយ ដើម្បីជាផលប្រយោជន៍របស់ប្រជាជនដែលជាម្ចាស់ឆ្នោត ក្នុងនាមយើងមានភាពជាតំណាង ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការ រកដំណោះស្រាយក្នុងការចាប់ផ្តើមស្តារសេដ្ឋកិច្ចក្រោយពីវិបត្តិជំងឺកូវីដ១៩»

ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានី បានបន្តថា នៅត្រង់កថាខណ្ឌទាំង៣៨ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ដែលចេញមកពីការឯកភាពគាំទ្រ គ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាបន្តសហការគ្នា តាមរយៈស្មារតីស្គាល់គ្នាទៅវិញទៅមក បំពេញបន្ថែមគ្នាទៅវិញទៅមក និងសហការគ្នាធ្វើយ៉ាងណាដើម្បីបង្កើននៃទំនាក់ទំនងនេះ ហើយកសេចក្តីប្រកាសទាំងអស់នេះនឹងបញ្ជូនទៅឱ្យកិច្ចប្រជុំអាស៊ី-អឺរ៉ុបទី១៣ ដើម្បីដាក់ជូនអង្គនីតិវិធីប្រតិបត្តិ ដើម្បីពិចារណា»។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប Asia-Europe Parliamentary Partnership Meeting ហៅកាត់ថា ASEP គឺជាព្រឹត្តការណ៍ដាច់ដោយឡែកមួយរបស់ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (Asia-Europe Meeting) ហៅកាត់ថា ASEM ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងទទួលធ្វើម្ចាស់ផ្ទះ នាថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ដែលកិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ / រដ្ឋាភិបាលនៃប្រទេសចំនួន៥១ នៅទ្វីបអឺរ៉ុបនិងអាស៊ីប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ផងដែរ។

នៅក្នុងពិធិបើកនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ មានការចូលរួមថ្លែងសុន្ទរកថារបស់ថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាសហប្រធាន ASEP11 និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)៕