(ភ្នំពេញ)៖ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងសមាជិក សមាជិកា សាខា-អនុសាខា ខេត្តរតនគិរី ក្រុមប្រតិបត្តិសាខា បានបន្តផ្តល់អំណោយមនុស្សធម៌ចំនួន ៧៤០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត ៦ភូមិ ៣ឃុំ ស្រុកកូនមុំ ក្នុងផែនការចែកចាយសរុប១,៣៦៧គ្រួសារ ក្នុងខេត្តរតនគិរី។

ក្នុងឱកាសនោះ លោកបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក។

លោកវេជ្ជ. បានបន្ថែមថា អំណោយនាពេលនេះ នឹងអាចសម្រាលការលំបាករបស់ពលរដ្ឋបានគ្រាផងដែរ។ ជាមួយគ្នានោះ លោកវេជ្ជមានប្រសាសន៍ ក៏បានក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ សូមចូលអនុវត្តនូវវិធាន ៣ការពារ ៣កុំ ដើម្បីការពារខ្លួនឯង និងសុវត្ថិភាពគ្រួសាររបស់ខ្លួនផង ព្រមទាំងឲ្យប្រទេសកម្ពុជា ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងឱកាសនោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុតទ បានបង្ហាញនូវសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង។

សូមបញ្ជាក់ថា គ្រួសារងាយរងគ្រោះខាងលើនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប និងទឹកស៊ីអ៊ីវ៦ដប៕