(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធបំពេញការងារឱ្យល្អប្រសើរ ក្នុងពេលប្រារព្ធពិធីសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

ការណែនាំបែបនេះ របស់លោកអភិបាលខេតត្ត បានធ្វើឡើងក្នុងកិច្ចប្រជុំដាក់ផែនការឱ្យមន្ត្រីពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពេលប្រារព្ធពិធីសម្ពោធ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោកអភិបាលខេត្ត បានថ្លែងថា ជាកិត្តិយសណាស់សម្រាប់ខេត្តកំពង់ចាម ដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា និងសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវ ៧១សេ ដែលមានប្រវែងជាង១០០គីឡូម៉ែត្រ ចេញពីឃុំស្វាយទាប ស្រុកចំការលើ មកទល់នឹងទីរួមខេត្តត្បូងឃ្មុំតែម្ដង។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ «ដើម្បីឆ្លើយតបទៅនឹងការផ្ដល់កិត្តិយសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវខិតខំប្រឹងប្រែងធ្វើការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធស្ពានមិត្តភាពស្ទឹងត្រង់-ក្រូចឆ្មា នាពេលឆាប់ៗខាងមុខនេះ»