(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅតាមបណ្តាខេត្តទូទាំងប្រទេស។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងបានឲ្យដឹងថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិ ញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅតាមបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ដោយត្រូវអនុវត្តឲ្យបានម៉ត់ចត់បំផុត នូវវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ដែលរៀបចំឡើងរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងវិធានការសុខាភិបាលផ្សេងៗទៀត»

ក្រសួងបានបញ្ជាក់ទៅប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ តាមបណ្តាខេត្ត ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្តែងសិល្បៈ សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ ជាប់ជាព័ត៌មាន និងអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក៏បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្ប: ក្នុងរាជធានីភ្នំពេញ ដោយគោរពអនុវត្តតាមវិធានការគោលការណ៍ស្តង់ដារប្រតិបត្តិ SOP និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ផងដែរ៕