(កំពត)៖ រដ្ឋបាលខេត្តកំពត បានផ្តល់ផ្លូវបេតុងចំនួន៣ខ្សែ សរុប១,៨៥៩ម៉ែត្រ នៅសង្កាត់ក្រាំងអំពិល ស្ថិតក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត សម្រាប់បប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលក្នុងការធ្វើដំណើរ ប្រកបរបររកស៊ី និងដឹកជញ្ជូនកសិផល ទៅមកពាក់ព័ន្ធលើទីផ្សារ។

ផ្លូវទាំង៣ខ្សែ ដែលផ្ដល់ជូនពលរដ្ឋក្នុងមធ្យោបាយធ្វើដំណើរផ្សេងៗនោះ ត្រូវធ្វើពិធីបើកការដ្ឋានសាងសង់ នៅទីតាំងសាលាសង្កាត់ក្រាំងអំពិល ក្រុងកំពត នាថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២១ ក្រោមវត្តមានពីលោកលោកប្រធានក្រុមប្រឹក្សាខេត្ត លោក ជឹង ផល្លា, លោក ម៉ៅ ធនិន អភិបាលខេត្ត លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ដោយចូលរួមពីមន្ត្រី អាជ្ញាធរ និងប្រជាពលរដ្ឋពាក់ព័ន្ធជាច្រើននាក់។

នាឱកាសនោះ លោកអភិបាលខេត្ត ម៉ៅ ធនិន បានលើកឡើងថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា បានចាប់ផ្តើមអភិវឌ្ឍជាបណ្តើរៗលើគ្រប់វិស័យ ហើយមកដល់សព្វថ្ងៃនេះ គឺដោយសារតែមានសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលះបង់គ្រប់បែបយ៉ាងក្នុងការស្វែងរក មកជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋទូទាំងប្រទេស និងការដាក់ចេញនូវនយោបាយឈ្នះៗ ក្នុងការបង្រួបបង្រួមជាតិ និងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ រាល់សមទ្ធិផលដែលកើតមានឡើងនៅពេលនេះ ក៏ដោយសារកត្តាសន្តិភាពដូចគ្នាដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ រួមគ្នាថែរក្សាឱ្យបាននូវតំលៃនៃសន្តិភាពនេះ។ ម៉្យាងទៀតចំពោះសមទ្ធិផលដែលបានកើតចេញនៅពេលនេះ គឺត្រូវការជាចាំបាច់ក្នុងការចូលរួម ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាជ្ញាធរ ដើម្បីធ្វើយ៉ាងណាពន្លឿនការស្ថាបនា ក៏ដូចជាថែរក្សាប្រើប្រាស់អោយបានយូរអង្វែង។

ទន្ទឹមនេះលោកអភិបាលខេត្ត ក៏បានក្រើនរំលឹក ឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ព្រោះថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងឈានចូលមកដល់ក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត និងលោកស្រី ក៏បានឧបត្ថម្ភ ដល់ប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងពិធីបើកការដ្ឋាននេះ ប្រមាណ ១៥៥នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ និងថវិកា២ម៉ឺនរៀលផងដែរ។

ក្នុងថ្ងៃដដែលនេះផងដែរ លោកអភិបាលខេត្ត ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ក៏បានចុះជួបសំណេះសំណាល និងបាននាំយកអំណោយជាសម្ភារចែកជូនដល់ក្រុមគ្រួសារសមាគម ម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី ចំនួន ៤២៩នាក់ ក្នុងនោះអ្នករត់ម៉ូតូឌុបមានចំនួន ២៥៨នាក់ អ្នករត់កង់បីមានចំនួន ១២០នាក់ និងអ្នករត់តាក់ស៊ីមានចំនួន ៥១នាក់។ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ២០គីឡូក្រាម, មី១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, អាវចំនួន១។

ដោយឡែកអ្នករត់ម៉ូតូឌុបជាស្ត្រីចំនួន ៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកាបន្ថែមពីលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ចំនួន ១០០ដុល្លារផងដែរ។ ដែលពិធីចែកជូននេះធ្វើឡើងនៅពហុកីឡាដ្ឋានខេត្តកំពត ស្ថិតក្នុងក្រុងកំពត ខេត្តកំពត៕